សាធារណរដ្ឋឆេក និងស្លូវ៉ាគីរកបាន៣ពិន្ទុ ខណៈអេស្ប៉ាញបានត្រឹមស្មើក្នុងវគ្គជម្រុះតាមពូល

ចែករំលែក៖

ក្រុមសាធារណរដ្ឋឆេកមានឱកាសរកបាន៣ពិន្ទុក្នុងពូលD ដោយបានយកឈ្នះក្រុមជម្រើសជាតិស្កុតឡេនជាម្ចាស់ផ្ទះក្នុងលទ្ធផល២ទល់០។ ២គ្រាប់របស់ក្រុមឆេករកបានដោយកីឡាករតែម្នាក់គត់គឺ Schick នៅតង់ទី១ មួយគ្រាប់នាទីទី៤២ និងតង់ទី២មួយគ្រាប់នាទីទី៥២ ដែលជាការស៊ុតបាល់ពីចម្ងាយផ្លោងចូលទីយ៉ាងល្អ។

ជ័យជម្នះរបស់ឆេកធ្វើឲ្យក្រុមនេះឡើងឈរលេខ១ក្នុងពូលD លើអង់គ្លេស ដោយសារគ្រាប់បាល់ចំណេញច្រើនជាងអង់គ្លេស១គ្រាប់។ ចំណែកស្កុតឡេនបានធ្លាក់ទៅឈរលេខ៤បាតតារាងក្នុងពូលនេះ។

ចំណែកក្រុមស្លូវ៉ាគីធ្វើបានល្អដោយយកឈ្នះក្រុមខ្លាំងប៉ូឡូញក្នុងលទ្ធផល២ទល់១ ក្នុងពូលE។ ការប្រកួតបើកឆាកដំបូងក្នុងតង់ទី១ បាន១៨នាទីទី កីឡាករ Szczęsny របស់ប៉ូឡូញបានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងធ្វើឲ្យក្រុមស្លូវ៉ាគីនាំមុខ១គ្រាប់មុន ប៉ុន្តែចូលដល់ដើមតង់ទី២ បានតែ១នាទីប៉ុណ្ណោះកីឡាករ Linetty រកបាន១គ្រាប់សងវិញធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១។

ចូលដល់នាទីទី៦២ កីឡាករ Krychowiak ធ្វើឲ្យមានកំហុស ជាហេតុនាំឲ្យអាជ្ញាកណ្តាលពិន័យកាតក្រហមដេញចេញពីទីលានប្រកួត ហើយនៅនាទីទី៦៩ កីឡាករ Škriniar មានឱកាសរកបាន១គ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះរបស់ស្លូវ៉ាគី។ លទ្ធផលនេះធ្វើឲ្យស្លូវ៉ាគីឡើងឈរលេខ១ក្នុងពូល E បណ្តោះអាសន្នក្នុងការប្រកួតបើកឆាកវគ្គជម្រុះយូរ៉ូ ខណៈដែលអេស្ប៉ាញនិងស៊ុយអែតបានប្រកួតត្រឹមស្មើគ្នា០ទល់០។

នៅយប់ថ្ងៃអង្គារនេះមានការប្រកួត២គូទៀតដែលជាគូសំខាន់ក្នុងពូលF ដោយក្រុមជម្រើសជាតិហុងគ្រីប៉ះជាមួយអតីតក្រុមជើងឯកយូរ៉ូចាស់ព័រទុយហ្គាល់វេលាម៉ោង១១យប់ និងក្រុមអតីតម្ចាស់ជើងឯកពិភពលោកមាន់គកបារាំងប៉ះជាមួយក្រុមឥន្ទ្រីដែកអាល្លឺម៉ង់វេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ៕ រូបភាព៖ BBC Sport ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print