ខេត្តបន្ទាយមានជ័យ÷ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខ ក្រុមគ្រូពេទ្យជួរមុខរបស់កងពល ដែលកំពុងបំពេញប្រតិបត្តិការ យកសំណាកជូនប្រជាពលរដ្ឋខែ្មរ និងជនបរទេស ស្ថិតនៅស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គួរកត់សំគាល់ថា ក្រុងប៉ោយប៉ែត នៅតែបន្តរកឃើញចំនួននៃអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដោយមានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់ពីសំណាក់អភិបាលខេត្តបន្ទាយមានជ័យ បណ្តាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នចំណុះគណៈបញ្ជាការឯកភាពខេត្ត រួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា ស្ថាប័នកងកម្លាំងប្រដាប់អាវុធចំនួន៤ អង្គភាព បានប្តូរឯកសណ្ឋានពណ៌ស សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ចូលសមរភូមិមុខប្រយុទ្ធ រួមមាន៖ កងពលតូចថ្មើរជើងលេខ៥១, តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ, កងរាជអាវុធហត្ថ និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទំុ បានគូសបញ្ជាក់ថា កងកម្លាំងទាំង៤ស្ថាប័ន សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល បានធ្វើប្រតិបត្តិការរួមគ្នាដោយយកចិត្តទុកដាក់ ជួយពន្លឿនការយកសំណាក ដើម្បីជួយទប់ស្កាត់ និងកាត់ផ្តាច់អោយខានតែបាននៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅបណ្តាតំបន់ផ្សេងទៀត។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានថ្លែងកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយភាពទទួលខុសត្រូវ និងការលះបង់ខ្ពស់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាក្នុងកាលៈទេសៈដ៏លំបាកនេះ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕
ដោយ៖ សូរិយា