ក្រុមអតីតម្ចាស់ជើងឯកយូរ៉ូ ព័រទុយហ្គាល់បានទទួលជ័យជម្នះយ៉ាងធំធេងទៅលើក្រុមហុងគ្រីក្នុងការប្រកួតវគ្គជម្រុះពូល F កាលពីយប់ថ្ងៃទី១៥ ខែមិថុនាក្នុងលទ្ធផល៣ទល់០។ ចំណែកក្រុមជម្រើសជាតិបារាំងបានយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់១ទល់០ ដោយសារបាល់ស៊ុតចូលទីខ្លួនឯង (Own Goal) ដែលជាគ្រាប់បាល់សំណាង។
យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ក្រុមជម្រើសជាតិព័រទុយហ្គាល់បានបង្ហាញទម្រង់លេងគួរឲ្យជក់ចិត្ត ដែលបានសម្រុកទៅលើក្រុមហុងគ្រីតាំងពីតង់ទី១ ប៉ុន្តែលទ្ធផលនៅតែ០ទល់០ដដែល ដោយក្នុងតង់ទី១មិនមានគ្រាប់បាល់បញ្ចូលទីកើតឡើងនោះទេ។
ចូលដល់តង់ទី២ ក្រុមព័រទុយហ្គាល់នៅតែព្យាយាមវាយសម្រុកដដែល ហើយនៅនាទីទី៨៤ កីឡាករ Raphaël Guerreiro រកបាន១គ្រាប់នាំមុខទៅលើក្រុមហុងគ្រី។ មិនយូរប៉ុន្មាននៅនាទីទី៨៧ ខ្សែការពាររបស់ក្រុមហុងគ្រីបានបង្កឲ្យមានកំហុសធ្វើឲ្យអាជ្ញាកណ្តាលពិន័យ បាល់១១ម៉ែត្រ ដែលទទួលរ៉ាប់រងដោយប្រធានក្រុម Cristiano Ronaldo ជាអ្នកស៊ុតនាំមុខ១គ្រាប់ទៀត និងនៅនាទីទី៩០+២ ខ្សែប្រយុទ្ធឆ្នើមរូបនេះរកបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតព័រទុយហ្គាល់យកឈ្នះហុងគ្រីក្នុងលទ្ធផល៣ទល់០។
ជ័យជម្នះនេះធ្វើឲ្យក្រុមព័រទុយហ្គាល់ឡើងឈរលេខ១បណ្តោះអាសន្នក្នុងពូលF មាន៣ពិន្ទុជាមួយក្រុមបារាំងដែលបានយកឈ្នះអាល្លឺម៉ង់១ទល់០ នៅនាទីទី២០ ដោយសារបាល់ Own Goal ដោយខ្សែការពារអាល្លឺម៉ង់ Hummels ភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯង។
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកកំណត់ត្រាក្លាយជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រយូរ៉ូគឺសរុប១១គ្រាប់ ។
សូមជម្រាបជូនថា សម្រាប់ការប្រកួតជម្រុះតាមពូលព្រឹត្តិការណ៍យូរ៉ូនៅរាត្រីថ្ងៃទី១៦ មិថុនានេះមាន៣គូ គឺក្រុមហ្វាំងឡង់ប៉ះជាមួយរុស្ស៊ី ម៉ោង៨យប់, ក្រុមទួរគីប៉ះជាមួយវែល ម៉ោង១១យប់ និងក្រុមអុីតាលីប៉ះជាមួយក្រុមស្វ៊ីសវេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជាសម្រាប់ពូលA និងពូលB ៕
ដោយ៖ ភារៈ