ខេត្តស្វាយរៀង៖ រថយន្តកុងតឺន័របើកបុកក្បាលនាគពុះចែកក្បាលស្ពាន យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ក្បែរនោះចេញមកមើលទាំងកណ្ដាលអធ្រាត្រសំណាងមិនបុកចូលផ្ទះប្រជាពលរដ្ឋ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីទាបភ្លឺឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅ ចន្លោះគីឡូម៉ែត្រលេខ១៣៥និង១៣៦ ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នកបើករថយន្តមានឈ្មោះ ឈាវ ឡុង អាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បើកបរ រស់នៅភូមិព្រៃខ្ជាយ ឃុំ ទម្រ ស្រុកព្រៃឈរ ខេត្តព្រៃវែង។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមាន មានរថយន្តកុងទីន័រ មួយគ្រឿង ម៉ាក នីសាន់ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ ៣E -៧៤៥១ក្នុង ទិសដៅពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១ខណះនោះមិនដឹងជាយ៉ាងម៉េចស្រាប់តែរថយន្តបើកបុកក្បាលនាគពុះចែកក្បាលស្ពាន យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ក្បែនោះចេញមកមើលទាំងកណ្ដាលអធ្រាត្រសំណាងមិនបុកចូលផ្ទះប្រជាពលរដ្ឋ។
ចំណែកអ្នកបើករថយន្តបង្កហេតុបានប្រាប់សមត្ថកិច្ចថាមូលហេតុដែលបណ្ដាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងមកពីរូបគាត់ងងុយដេកពេកដោយងកមួយភាំងក៏បុកក្បាលនាគពុះចែកក្បាលស្ពានប៉ុន្តែគាត់មិនមានរងរបួសនោះទេ។
ចំពោះរថយន្តកុងតឺន័រត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមនីតិវិធី៕
ដោយ៖ យឹម សុថាន