ប្រធានាធិបតីអាមេរិក លោកបៃឌិន បានបញ្ជាក់ថា ការចុះហត្ថលេខាក្លាយជាច្បាប់កំណត់ថ្ងៃទី១៩ខែមិថុនាជាថ្ងៃឯករាជ្យជាតិ ក្លាយជាទិវាជាតិបញ្ចប់របបទាសករនៅអាមេរិក។ នេះជាជោគជ័យមួយយ៉ាងធំធេងក្នុងរដ្ឋកាលរបស់ប្រធានាធិបតីបៃឌិន និងអនុប្រធានាធិបតីហារីស។
នៅថ្ងៃទី១៧ខែមិថុនាប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក បានរួមគ្នាចុះហត្ថលេខាលើច្បាប់ជ្រើសរើសថ្ងៃទី១៩ខែមិថុនា ជាទីវាជាតិដើម្បីរំលឹកដល់ព្រឹត្តិការណ៍រំដោះជនជាតិអាមេរិកស្បែកខ្មៅ រួចផុតពីរបបទាសករ។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ថ្ងៃទី១៩មិថុនា ក្លាយទៅជាថ្ងៃបុណ្យជាតិទី១១របស់អាមេរិក ជាថ្ងៃបញ្ចប់របបទាសករ។ ថ្ងៃនេះក៏ត្រូវបានបណ្តារដ្ឋអាមេរិកទទួលស្គាល់គឺជាថ្ងៃបុណ្យជាតិដំបូងដែលបានទទួលស្គាល់ ក្នុងរយៈពេលជិត ៤ទសវត្សរ៍កន្លងមក។
ពិធីបុណ្យជាតិនេះមានឈ្មោះថា «បុណ្យ Juneteenth » ជាថ្ងៃបញ្ចប់របបទាសករនៅអាមេរិក បើកផ្លូវឲ្យថ្ងៃអនាគតរុងរឿងជាងនេះ។ ប្រធានាធិបតីបៃឌិន បានប្រកាសថា ការដែលកំណត់យកថ្ងៃ១៩ខែមិថុនា ជាថ្ងៃឯករាជ្យ ទៅជាថ្ងៃបុណ្យជាតិទូទាំងសហរដ្ឋ បញ្ចប់របបទាសករ ហើយនេះជាកិត្តិយសយ៉ាងធំធេងរបស់អាមេរិក ក្នុងរដ្ឋកាលដឹកនាំរបស់លោក។
កន្លងមកសេចក្តីព្រាងច្បាប់កំណត់យកថ្ងៃបញ្ចប់របបទាសករធ្វើជាទិវាជាតិ ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាអនុម័ត កាលពីថ្ងៃទី១៦ខែមិថុនា ដោយមានសំឡេងគាំទ្រខ្ពស់។
ពិធីបុណ្យ Juneteenth គឺនៅថ្ងៃទី១៩ខែមិថុនា ឆ្នាំ១៨៦៥ មេទ័ពសហរដ្ឋ លោក Gordon Granger ប្រកាសបញ្ចប់របបទាសករ នៅតំបន់ Galveston រដ្ឋតិចសាស់ តាមសេចក្តីប្រកាសរំដោះឆ្នាំ១៨៦៣របស់ប្រធានាធិបតី Abraham Lincoln ។ កន្លងមកមានរដ្ឋមួយចំនួនប៉ុណ្ណោះចាត់ទុកថ្ងៃនេះជាថ្ងៃបុណ្យ ចំណែករដ្ឋផ្សេងៗ មិនចាប់អារម្មណ៍នោះឡើយ។
នេះជាសកម្មភាពថ្មីមួយរបស់រដ្ឋាភិបាលប្រធានាធិបតីបៃឌិន ក្នុងការលើកទឹកចិត្តដល់ក្រុមជនជាតិអាមេរិកស្បែកខ្មៅដែលរស់នៅលើទឹកដីអាមេរិកជាយូរមកហើយ ក៏ដូចជាការខិតខំបញ្ចប់ការរើសអើងជាតិសាសន៍ស្បែកខ្មៅនៅអាមេរិក៕
រូបភាព៖ REUTERS