ខេត្តត្បូងឃ្មុំ ៖ អ្នកបេីកបរម៉ូតូម្នាក់និងអ្នករួមដំណេីរ២នាក់ទៀតបានស្លាប់និងរងរបួសធ្ងន់ស្រាល ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះជាមួយរថយន្ត HILUX VIGO កាលពីវេលាម៉ោង១៥:៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅលេីផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមាត់ទន្លេសិប្បនិមិត្ត ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ១គ្រឿងជិះគ្នា៣នាក់បើកបញ្ច្រាសទិសទៅបុកពេញទំហឹងជាមួយរថយន្ត១គ្រឿង បណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់។
ប្រភពបន្តថា ខាងភាគីម៉ូតូជិះគ្នា៣នាក់នោះ (មិនមានពាក់មួកសុវត្ថិភាព) ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-0007 បើកបរដោយឈ្មោះ លាង ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ)បានឌុបមនុស្សចំនួន២នាក់ ឈ្មោះ គាំង សំហ៊ាង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិ-ឃុំ ជាមួយគ្នា( ស្លាប់នៅកន្លែងកើតហេតុ) និងឈ្មោះ វ៉ិត ស្រីពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។ ចំណែករថយន្តម៉ាក HILUX ViGO ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3538 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន (រត់គេចខ្លួនបាត់) ។
យោងតាមកំណត់ហេតុសមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារម៉ូតូបើកបរឆ្លងផ្លូវពីជើងទៅត្បូងហើយបត់ឆ្វេងបញ្ច្រាសទិសពីលិចទៅកើត ហើយរថយន្តបើកបរពីកើតទៅលិចប្រើប្រាស់ល្បឿនលឿនបានជ្រុលទៅបុកគ្នាបណ្តាលឱ្យខូចខាតទាំងសងខាង។ ចំពោះមូលហេតុគឺអ្នកបេីកបរម៉ូតូបើកចេញពីផ្លូវតូច ហើយបត់បញ្ច្រាសទិស។ អ្នកជិះម៉ូតូទាំង៣នាក់មិនពាក់មួកសុវត្ថិភាពឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងដើម្បីអនុវត្តទៅតាមនីតិវិធី។ ដោយឡែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ រីឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណៈ