កន្លងមកអាមេរិកមានគម្រោងបញ្ជូន យន្ដហោះទម្លាក់គ្រាប់បំបាំងកាយទៅកាន់ ប្រទេសអូស្ដ្រាលី និងបញ្ជូនអាវុធទំនើបៗ ជាច្រើនរួមទាំងនាវាផ្ទុកយន្ដហោះទៅ កាន់ប្រទេសកូរ៉េខាងត្បូងតាមពិតមិន មែនសំដៅទៅលើកូរ៉េខាងជើងនោះ ឡើយគឺប្រទេសចិនទៅវិញទេ ។
ប៉ុន្ដែបើទោះអាមេរិកខិតខំបែបណាក្ដីក៏ចិននៅតែបំពេញមហ្ឆិតារបស់ខ្លួននៅ ដែនសមុទ្រចិនភាគខាងត្បូងដដែល បើ ទោះអាមេរិកលូកដៃចូលក្នុងវិវាទនេះក្ដី។ ការលូកដៃរបស់អាមេរិកក៏គ្រាន់តែជាការស្វែងរកទីផ្សារលក់អាវុធដើម្បីផល ប្រយោជន៍ដូចគ្នា។ នៅពេលនេះចិន ធ្វើព្រងើយមិនដឹងមិនឮបើទោះបីពិភព លោកស្រែកយ៉ាងណាក្ដី។ សកម្មភាព ទាំងនោះអាចនឹងធ្វើឱ្យចិនស្ថិតនៅឯកោក្នុងពេលដែលប្រទេសជាសម្ពន្ធមិត្ដនៅក្នុងតំបន់បានចាកចេញពីចិនទៅរកអា មេរិកវិញនោះ ។
នៅពេលនេះអាមេរិកបានដាក់ពង្រាយ នាវាចម្បាំង និងនាវាយាមល្បាតនៅ ដែនសមុទ្រចិនភាគខាងត្បូងដូចជាយឺតយ៉ាវហើយមិនអាចទទួលជោគជ័យនោះ ទេប្រសិនបើគ្មានការគាំទ្រពីប្រទេស សម្ពន្ធមិត្ដនៅក្នុងតំបន់អាស៊ី ។
តាមប្រសាសន៍របស់លោក Peter Jenings អគ្គនាយកមជ្ឈមណ្ឌលស្រាវ ជ្រាវយុទ្ធសាស្ដ្រអូស្ដ្រាលីបានបញ្ជាក់ថាប្រការដែលអាមេរិកបញ្ជូននាវាយាម ល្បាត នាវាចម្បាំងទៅយាមកាមនៅ ក្បែរកោះសិប្បនិមិត្ដរបស់ចិននៅដែនសមុទ្រភាគខាងត្បូងបានបង្ហាញយ៉ាង ច្បាស់ពីទស្សនៈនយោបាយខុសគ្នារវាងចិននឹងអាមេរិកក៏ដូចជាចែករំលែកផលប្រយោជន៍ឱ្យគ្នាមិនស្មើនៅសមុទ្រចិន ភាគខាងត្បូង។ ហេតុការណ៍ខាងលើមិន អាចជំរុញឱ្យមានសង្គ្រាមទ្រង់ទ្រាយធំ នោះឡើយ ប៉ុន្ដែវាអាចជំរុញឱ្យមាន សង្គ្រាមត្រជាក់តាមបែបថ្មីនៅក្នុងតំបន់ អាស៊ីរវាងអាមេរិកនឹងចិន ។
ទីក្រុងប៉េកាំងបានលុបថ្មបង្កើតទៅជាកោះសិប្បនិមិត្ដនៅសមុទ្រចិនភាគខាងត្បូងដែលជាយុទ្ធសាស្ដ្រពង្រីកអំណាច របស់មេដឹកនាំចិន ស៊ី ជីងពីង ចាប់ តាំងពីលោកឡើងកាន់តំណែងកាលពីឆ្នាំ២០១២ មក។ លោកបានអនុវត្ដគោល នយោបាយឆ្ពោះទៅកាន់ដែនសមុទ្រចិនភាគខាងត្បូងក៏ដូចជាសន្ដិសុខជាតិដើម្បី ពង្រឹងអំណាចយោធាលើឆាកអន្ដរជាតិ ។
បើទោះបីចិនចង់ឱ្យមានទំនាក់ទំនងល្អប្រសើរជាមួយប្រទេសជិតខាង ប៉ុន្ដែ ចិនបានធ្វើជាឯកតោភាគីបង្កើតកោះ សិប្បនិមិត្ដគ្រប់គ្រងដែនសមុទ្រចិនភាគ ខាងត្បូងទាំងមូលដែលសម្បូរទៅដោយធនធានធម្មជាតិ ។
ចិនក៏មានបំណងចង់បណ្ដេញកម្លាំងទាហានជើងទឹកអាមេរិកចេញពីសមុទ្រចិនភាគខាងត្បូងកាន់តែឆ្ងាយកាន់តែល្អ។ ប្រសិនបើចិនទទួលបានជោគជ័យក្នុងការ បណ្ដេញអាមេរិក នោះអាមេរិកប្រាកដ ជាពិបាកក្នុងការចូលទៅកៀកសមុទ្រនោះ ដើម្បីការពារសម្ពន្ធមិត្ដ ពិសេសកោះ តៃវ៉ាន់ និងជប៉ុន។ នៅពេលដែលចិន គ្រប់គ្រងសមុទ្របានទាំងស្រុងហើយនោះកម្លាំងទាហានជើងទឹកប្រទេសណាមួយចង់ចូលទៅកាន់ទីនោះក៏ត្រូវពិចារណាមុនផងដែរ ។
គោលដៅធំមួយទៀតរបស់ចិនគឺការពារនាវាចម្បាំង នាវាមុជទឹកបំពាក់កាំ ជ្រួចមីស៊ីលបរមាណូ។ នាវាមុជទឹក របស់ចិនងាយស្រួលក្នុងការប្រទះឃើញពីសត្រូវដូច្នេះចិនចាំបាច់ត្រូវតែបញ្ជូនទៅកាន់សមុទ្រទឹកជ្រៅនៅអាស៊ីប៉ាស៊ី ហ្វិកនោះទេ ។
ការគំរាមកំហែងពីបរមាណូធ្វើឱ្យ ទំនាក់ទំនងចិន-អាមេរិកប្រឈមមុខតាន តឹងដាក់គ្នាដូចជាអាមេរិកជាមួយនឹង រុស្ស៊ីនោះដែរ។ ទីក្រុងប៉េកាំងនឹងមាន ម្ចាស់ការខ្លួនឯងក្នុងតំបន់នៅពេលដែលអាចធ្វើជាម្ចាស់នៃកម្លាំងបរមាណូនៅ លើដីគោក ដែនទឹក និងដែនអាកាស ។
នៅពេលនេះចិនបានដាក់គំនាបទៅ លើអាមេរិកតាមរយៈការប្រកាសពីគោល នយោបាយតឹងតែងជាមួយអាមេរិក។ ភាគីទាំង២អាចពិភាក្សាបញ្ចប់ជម្លោះ បាន តែដោយមានទស្សនៈខុសគ្នាធ្វើឱ្យ ការពិភាក្សាមិនអាចស្វែងរកសំឡេងមួយ រួមគ្នាបានឡើយ ។
ប្រសិនបើអាមេរិកចង់ទទួលបានជោគ ជ័យនោះត្រូវតែមានការគាំទ្រពីប្រទេសនៅក្នុងតំបន់មិនអាចធ្វើតែម្នាក់ឯងនោះ ឡើយ។ នៅពេលនេះដែរជាពេលវេលា ដែលប្រទេសមហាអំណាចក្នុងតំបន់ដូចជាអូស្ដ្រាលី ជប៉ុន ឥណ្ឌា បង្ហាញពីទស្សនៈ គាំទ្រសកម្មភាពរបស់អាមេរិកនៅដែនសមុទ្រចិនភាគខាងត្បូង។ ចិនបានដឹង យ៉ាងច្បាស់ថា គ្មានប្រទេសណាមួយ ក្រៅពីអាមេរិកមានសមត្ថភាពយាម ល្បាតនៅដែនសមុទ្រចិនភាគខាងត្បូង និងហ៊ានប្រឈមមុខដោយបើកចំហជាមួយចិនបាននោះទេ ។
អូស្ដ្រាលី ជប៉ុន កូរ៉េខាងត្បូង និង ប្រទេសនៅតំបន់អាស៊ានក៏ត្រូវប្រែក្លាយ សម្ដីទៅជាសកម្មភាពផ្ទាល់ដើម្បីសិទ្ធិ សេរីភាពចរាចរណ៍នៅដែនសមុទ្រអន្ដរជាតិដែលជាច្រកផ្លូវដ៏សំខាន់បំផុត ។
កន្លងមកថ្មីៗនាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បញ្ជាក់ថា ជប៉ុន គាំទ្រអាមេរិកបញ្ជូននាវាយាមល្បាតទៅ កាន់កោះសិប្បនិមិត្ដរបស់ចិននៅតំបន់សមុទ្រចិនភាគខាងត្បូង ។
លោក ស៊ីនហ្សូ អាបេ មានប្រសាសន៍ ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅប្រទេស កាហ្សាស្ថានថា លោកបានគាំទ្រអាមេ រិកយាមល្បាតជុំវិញកោះសិប្បនិមិត្ដ ខុសច្បាប់ដែលចិនបានបង្កើតឡើងនៅតំបន់សមុទ្រចិនភាគខាងត្បូង ។
លោក អាបេ យល់ឃើញថា “ការ បញ្ជូននាវាចម្បាំងយាមល្បាតទៅកាន់ ដែនសមុទ្រចិនភាគខាងត្បូងគឺសមស្រប ទៅនឹងច្បាប់អន្ដរជាតិ។ ប៉ុន្ដែជាធម្មតា សកម្មភាពជាឯកតោភាគីតែងតែបង្ក ការព្រួយបារម្ភយ៉ាងខ្លាំងពីអន្ដរជាតិខ្លាច ធ្វើឱ្យមានភាពតានតឹងកើតឡើង” ។
កន្លងមករដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រីនៃរដ្ឋាភិបាលជប៉ុនបញ្ជាក់ថា ជប៉ុន និង អាមេរិកនឹងចែករំលែកព័ត៌មានគ្នាទៅ វិញទៅមក ពេលដែលដាក់ពង្រាយនាវា យាមល្បាតនៅទីនោះ។ រដ្ឋមន្ដ្រីការពារ ជាតិជប៉ុនលោក Gen Nakatani បញ្ជាក់ ថា បញ្ហាដែនសមុទ្រចិនភាគខាងត្បូង បានធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខរបស់ជប៉ុន ដូច្នេះជប៉ុនត្រូវតែតាមដានរាល់សកម្មភាពដែលបានកើតឡើងនៅសមុទ្រចិន ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ។
អ្វីដែលជាផលលំបាករបស់អាមេរិកនោះគឺសម្ពន្ធមិត្ដរបស់អាមេរិកមួយ ចំនួនក៏បានងាកទៅគាំទ្រប្រទេសចិនដើម្បី សេដ្ឋកិច្ចរបស់ខ្លួនឱ្យរីកចម្រើនដែរ ។
ទាំងនោះហើយបានជួយឱ្យចិនសម្រេច គោលនយោបាយចាយប្រាក់ដើម្បីទាក់ ទាញ និងបង្កើនឥទ្ធិពលរបស់ខ្លួនពេល នេះកំពុងតែមានប្រសិទ្ធភាពមិនថា នៅ ក្នុងប្រទេសក្រីក្រនោះទេសូម្បីតែប្រទេស អ្នកមាន ប្រទេសមហាអំណាចក៏ត្រូវការ ប្រាក់ក្នុងពេលដែលសេដ្ឋកិច្ចធ្លាក់ចុះនោះ ដែរ ៕ ម៉ែវ សាធី