ខេត្តព្រះសីហនុ៖ ដោយទំនងជាមានការប្រចណ្ឌនឹងប្រពន្ធដែលទើបលែងលះគ្នាជាង១ខែប្ដីចិត្តកំណាចម្នាក់បានលើកដៃបាញ់ប្រហារទៅលើអតីតប្រពន្ធរបស់ខ្លួន គ្មានស្រណោះ រួចរត់គេចខ្លួនបាត់ ចំណែកស្រ្តីរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។
ហេតុការណ៍នៃការបាញ់ប្រហារនេះកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជនសង្ស័យជាប្តីបានប្រើអាវុធខ្លីម៉ាកk54បាញ់ទៅលើជនរងគ្រោះជាអតីតប្រពន្ធ ចំទ្រូងខាងឆ្វេងមួយគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួននៅក្រោយផ្ទះបាត់ តែមកដល់ព្រឹកថ្ងៃទី២០ខែមិថុនានេះសមត្ថកិច្ចបានឡោមព័ទ្ធចាប់បានហើយ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា
ជនរងគ្រោះឈ្មោះ ផង់ សុភាព អាយុ២៤ឆ្នាំ មានទីលំនៅក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ បច្ចុប្បន្នកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ រីឯជនសង្ស័យឈ្មោះ ជា សុវណ្ណារ៉ា អាយុ៣១ឆ្នាំ មានទីលំនៅជាមួយជនរងគ្រោះ។
លោកស្នងការបន្តថា នៅពេលទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីករណីនេះលោកបានបញ្ជាឱ្យកម្លាំងជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរសង្កាត់លេខ៤ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ។រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទីព្រឹក ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅចំណុចអគារក្នុងព្រៃមួយកន្លែងក្បែរផ្ទះជនរងគ្រោះ និងបន្តស្វែងរកអាវុធធុនk54មួយដើមឈូសលេខបង់ ១ និង ៦គ្រាប់ដែលជនសង្ស័យបានបោះចោលនៅចំណុចគុម្ពព្រៃម្តុំក្រោយផ្ទះដើម្បីបន្តនីតិវិធី។
យ៉ាងណាក្នុងករណីនេះ បើតាមអ្នកភូមិខាងលើលួចបង្ហើបឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះបានបង្កទំនាស់និងឈានទៅរកការលែងលះគ្នាជាង១ខែមកហើយ។លុះនៅថ្ងៃកើតហេតុអតីតប្តីកំណាចម្នាក់នេះទំនងមិនអស់ចិត្តនិងកើតក្តីប្រចណ្ឌលើប្រពន្ធផងទើបមានគម្រោងបាញ់សម្លាប់ប្រពន្ធយ៉ាងនេះ៕
ដោយ÷ សហការី