ភ្នំពេញ៖ ស្នាដៃផលិតភាពយន្តរបស់ Sastra Film ទទួលបានការពេញចិត្ត និងគាំទ្រច្រើនពីទស្សនិកជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាថ្មីៗនេះអនុប្រធានក្រុមព្រះសូរិយា លោក វីរៈ វ៉ារ៉ានី ក៏បានចេញមុខរិះគន់ក្នុងន័យស្ថាបនាទៅកាន់ផលិតកម្មខាងលើ ត្រង់ការប្រើប្រាស់សម្លៀកបំពាក់តួអង្គសិស្សសាលា ក្នុងភាពយន្តថ្មីមួយរបស់ខ្លួនគឺរឿង “មេឃខៀវ” ។
លោក វីរៈ វ៉ារ៉ានី បានលើកឡើងថា” សូមចូលរួមមតិតិចតួចដល់ផលិតករមួយចំនួន ក្នុងនាមខ្ញុំជាទស្សនិកជនមួយរូប ខ្ញុំបានតាមដាននិងសង្កេតរាល់ស្នាដៃកុនខ្មែរដែលកំពុងផលិតក្នុងបច្ចុប្បន្នភាពសព្វថ្ងៃ ឃើញថាមានការរីកចម្រើនជាលំដាប់ចំពោះការថត តែថ្ងៃនេះខ្ញុំប្រទះឃើញដោយចៃដន្យនូវវណ្ណកម្មថ្មីមួយរបស់ក្រុមហ៊ុនថតភាពយន្តក្នុងស្រុកមួយ។លោកថា” ខ្ញុំនិយាយតាមត្រង់ ខ្ញុំមើលមួយភ្លែតស្មានតែជាកុនបរទេស ដោយឃើញសម្លៀកបំពាក់របស់តួអង្គ ដល់មើលយូរទៅទើបដឹងថាជាកុនខ្មែរសោះ។ ចំណុចដែលឃើញខុសប្រក្រតីនោះគឺ សម្លៀកបំពាក់ ម៉ូតសក់តែម្តង។ តើសិស្សនេះជាសិស្សសាលារដ្ឋ រឺសាលាឯកជន? បើសិនជាសាលាឯកជន ស្រុកយើងពុំសូវមានសិស្សសាលាស្លៀកខោខ្លីបែបនេះដែរ តែបើសាលារដ្ឋវិញ គឺខុសពីភាពពិតច្រើន។លោកបន្តថា ស្រុកខ្មែរយើងតាំងពីដើមរៀងមក យុវជនក្នុងកម្រិតអនុវិទ្យាល័យ រឺ វិទ្យាល័យ មិនត្រូវបានអនុញ្ញាតអោយស្លៀកខោបែបនេះទៅរៀនទេ មានតែប្រទេសថៃទើបស្លៀកបែបនេះ។ តែបើក្មេងៗរៀននៅមតេយ្យសិក្សា រឺបឋមសិក្សា ពិតជាស្លៀកខោខ្លីបែបនេះមែន តែដល់ថ្នាក់អនុវិទ្យាល័យ សង្គមយើងពុំអនុញ្ញតអោយសិស្សប្រុសចូលរៀនស្លៀក ខោខ្លីចូលរៀនទេ។ រឿងពិតមួយ សម្រាប់ខ្លួនខ្ញុំផ្ទាល់ កាលខ្ញុំរៀននៅថ្នាក់អនុវិទ្យាល័យ ខ្ញុំធ្លាប់ស្លៀកខោខ្លីបែបនេះទៅរៀនម្តង ត្រូវគ្រូប្រដៅថាហាមស្លៀកខោខ្លីបែបនេះមករៀន។ លោកលើកឡើងដែរថាសម្លៀកបំពាក់នេះគាត់គ្រាន់តែស្លៀកដើរលេង នោះជាការណ៍មួយផ្សេងតាមការនិយមរបស់គេ តែក៏មើលមួយភ្លែតឃើញថាជាលក្ខណះស្ទាយ៍របស់ប្រទេសជិតខាងយើងដែរ។ សូមចូលរួមយោបល់ប៉ុណ្ណឹង កុំថាខ្ញុំជ្រុលនិយម តែនេះជាតថភាពសង្គម កុនគឺឆ្លុះបញ្ចាំងពីសង្គម មិនអាចប្រាសចាកពីសង្គមនោះទេ។ កុនបង្ហាញពីអ្វីគ្រប់សព្វនៃសង្គមមួយមាន បើធ្វើខុសពីសង្គមពិតនោះប្រាកដជាទៅជារឿងផ្សេងទៀត បាន។ លោកបន្តថា សូមមេត្តាកុំគិតថា សម្លៀកបំពាក់ កាយវិការ ពាក្យសម្តីមិនសំខាន់សម្រាប់ការកសាងកុនមួយអោយសោះ កត្តាទាំងនោះគឺជាការណ៍សំខាន់ដែលនាំអោយអ្នកទស្សនាយល់ និងឆ្លុះបញ្ចាំងពីភាពយន្តទាំងនោះ។ ខ្ញុំទិទៀននេះក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ពុំមានចេតនាអ្វីផ្សេងឡេីយ។ សារនេះភ្ជាប់ដោយរូបភាពPoster នៃការផ្សព្វផ្សាយភាពយន្តខាងលើ និងភ្ជាប់ដោយរូបថតគំរូនៃឯកសណ្ឋានសិស្សសាលាដែលស្របតាមការកំណត់របស់ក្រសួងអប់រំយុវជននិងកីឡា។លេចចេញមិតិគាំទ្រជាច្រើនជុំវិញការលើកឡើងខាងលើនេះប៉ុន្តែគេនៅមិនទាន់ឃើញមានប្រតិកម្មតប ឬការបញ្ជាក់ណាមួយទៅកាន់ការលើកឡើងខាងលើនេះនៅឡើយ៕