ភ្នំពេញ៖ ទីបំផុត! តារាសម្ដែងលោក អេដវីន ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ដេីម្បីចាត់ការតាមច្បាប់ ក្រោយប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ។
ជាក់ស្ដែង ខណៈដែលលោក អេដវីន ទៅដល់មុខតុលាការ កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី២២ ខែមិថុនានេះ គេឃើញក្រុមយុវជន ៣ -៤ នាក់ ដែលគាំទ្រតារា អេដវីន បានមកយកអាវ រុំបិទបាំងជនសង្ស័យ ពេលសមត្ថកិច្ច ដាក់ខ្នោះបញ្ជូនមកតុលាការ។ ទោះបីយ៉ាងណា តុលាការ កំពុងសាកសួរជនដៃដល់ អេដវីន ។
គួរបញ្ជាក់ថា ចំពោះការចាប់ខ្លួនជនដៃដល់ដែលតារាសម្ដែងលោក អេដវីន បន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកមួយ ដែលគេស្គាល់ថា អាខោនរបស់ សុទ្ធ កញ្ចកាប្រពន្ធរបស់អេដវីន បានបង្ហោះនូវរូបភាពហិង្សាមួយ វាយតប់ មានរបួសស្នាម សុសសាច់។
ដោយឡែកបេីយោងតាមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ អ្នកនាង សុទ្ធ កញ្ចកា បានសរសេរ មានខ្លឹមសារទាំងស្រុង ដូច្នេះថាៈ ” ឈឺ អត់ទេ អត់ឈឺទេប៉ុណ្ណឹង តែអ្វីដែលឈឺបំផុត គឺឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែលខ្ញុំ ស្រឡាញ់បំផុត លើសជីវិត អ្វីក៏ហ៊ានលះបង់ ដើម្បីនៅជិតគ្នា បែរជាហ៊ានលើកដៃ វាយខ្ញុំដូចសត្វធាតុ ។ ប៉ុន្មានថ្ងៃ កើតហេតុភ្លាម ខ្ញុំពិតជាមិនចង់ យករូបបែបនេះ យកមកផុសទេ ព្រោះពេលចង់សរសេរហើយ សូមសរសេរ ទៅមុខអត់រួចទេ ព្រោះបេះដូងខ្ញុំ ឈឺខ្លាំង ទឹកភ្នែកសុំហូរខ្លាំង ទប់មិនជាប់ទេ ។
សាកបិទភ្នែក ស្រមៃមើល សាកស្រមៃមើល ពេលដែលគេបិទទ្វារ មិនឲ្យអ្នកណា ចូលមកជួយ ហើយដកខ្សែក្រវាត់ ទំហំប៉ុន ៣ ម្រាមដៃ វាយក្បាលខ្ញុំ ប្រហែល ១០ ដង វាយយក វាយយក មិនដកដៃ ។ ពេលនោះ ខ្ញុំឈឺពេក ក៏យកដៃរង ហើយគេមិនឈប់ទេ គេមកវាយខ្លួនខ្ញុំថែម គ្រប់កន្លែង រហូតខ្ញុំរត់ទៅ កន្លៀត ពួនលើកដៃសំពះគេ «បងអើយឈប់វាយទៅ អូនឈឺណាស់ អូនអត់ខុស ជាមួយបងទេ ម៉េចបងមិនជឿអូន» តែគេមិនឈប់ដដែល គេវាយយក វាយយកទៀត រហូតខ្ញុំគាំង ចង់ស្ទះ គេក៏ឈប់មួយភ្លែត ហើយគេ មកបោចសក់ខ្ញុំ ទម្លាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំ បោកទៅនឹងជញ្ជាំង មួយទំហឹងខាងក្រោយ ហើយគេចាប់បោកខ្ញុំ ខ្ទប់លើឥដ្ឋ ហើយខ្ញុំ នៅតែយំសំពះអង្វរគាត់ «បងអើយ ឈប់ទៅ អូនឈឺណាស់ តែគេមិនស្ដាប់ នៅតែដដែល» វាយរហូត ខ្ញុំស្រងល់។
ក្រោយមក គេក៏ចាប់អូសខ្ញុំ ឡើងម៉ូតូទៅផ្ទះខ្ញុំ មួយទៀត ដែលកូនខ្ញុំនៅទីនោះ ។ សូមនិយាយប៉ុណ្ណឹង ចាំអារម្មណ៍ស្ងប់បន្តិច ចាំពន្យល់សាច់រឿង ហេតុអ្វីទៅជាអញ្ចឹង ហើយពេលនេះ សុំគ្រាំក្នុងក្បាលខ្ញុំ យប់ឡើងឈឺរហូតយំ គេងមិនលក់ ២ ថ្ងៃហើយ»៕ ដោយ៖សហការី