រថយន្តRolls Royce មានតម្លៃរាប់សែនដុល្លារបើកបុកម៉ូតូមួយគ្រឿង បាក់ជើង៤នាក់ រួចបើករត់ចូលក្នុងភូមិគ្រឹះបាត់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រី៤នាក់បានរងរបួសធ្ងន់ បាក់ជើង បែកមុខ បែកមាត់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តស៊េរីទំនើប Rolls Royce មានតម្លៃរាប់សែនដុល្លារ បើកបរក្នុងល្បឿនលឿនបំពានភ្លើងស្តុបជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលកំពុងបើកឆ្លងកាត់ផ្លូវ។
ហេតុការណ៍នេះបានកើតឡើង នៅម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចភ្លើងស្តុបបេកាសេ ផ្លូវព្រះមុនីវង្ស កែងផ្លូវព្រះអង្គឌួង (ព្រំប្រទល់សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ) ខណ្ឌដូនពេញ។

ប្រភពពត៏មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូហុងដាឌ្រីម(HONDA DREAM) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CT-6477 ដឹកយុវតីមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់តាមបណ្ដោយផ្លូវលេខ១១៤ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ភ្លើងស្តុបចរាចរណ៍ពណ៌បៃតង ក៏បន្តដំណើរទៅត្រង់ (ទៅផ្លូវក្រមួនស) ឆ្លងកាត់ផ្លូវបំបែកជាបួនបានពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ROLLS ROYCE ពណ៌ស មិនចាំស្លាកលេខ បានបើកបោះពួយតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ឆ្លងកាត់ផ្លូវបំបែកជាបួនមិនបានបន្ថយល្បឿនថែមទាំងបំពានភ្លើងស្តុបទៀតនោះក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យមនុស្សខ្ទាតប៉ើងបោកនឹងថ្នល់ រងរបួសធ្ងន់ទាំង៤នាក់។

ប្រភពបន្តទៀតថា ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវដោះស្រាយនោះទេ បានព្យាយាមបន្ថែមល្បឿនបើករត់ចេញពីកន្លែងកើតហេតុបាត់ទៅ។ រថយន្តបង្កខាងលើនេះ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ប្រទះឃើញបើកទៅតាមផ្លូវកែវចិន្ដា ដោយមានហូរហៀរប្រេងតាមផ្លូវ រហូតចូលក្នុងភូមិគ្រឹះមួយកន្លែង ផ្ទះលេខ282 ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ហើយក៏បានផ្ដល់ដំណឹងជូនសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វាចុះទៅពិនិត្យមើល ដោយខាងម្ចាស់ផ្ទះមិនបានបើកទ្វារផ្ដល់ព័ត៌មានអ្វីមកកាន់សមត្ថកិច្ចឡើយ ហើយពេលយប់ទៀត ទើបសមត្ថកិច្ចវិលត្រលប់ទៅវិញបាត់អស់ដោយរង់ចាំព្រឹកទើបចុះទៅធ្វើការបន្ត។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print