សាហាវមែន!! បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្ត​ Ford Ranger បុកម៉ូតូមួយគ្រឿងអូសជាច្រេីនរយម៉ែត្រ​ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបេីករថយន្តស៊េរីទំនេីបម៉ាក​ Ford Ranger មួយគ្រឿងជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦​ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់​ ហេីយអូសម៉ូតូក្រោមរថយន្តរាប់រយម៉ែត្របង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋខឹងសម្បាដេញតាមចាប់វាយតៃកុងរថយន្តបង្កឡេីងទ្រោមខ្លួនទេីបប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង៩​ និង០៥នាទីយប់ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវ២១៧​ ក្បែរសាលាខណ្ឌដង្កោ​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនដំបូងគេឃេីញរថយន្តម៉ាក​ Ford Ranger ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BA-7399​ បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងព្រៃសរ​ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន​ រួចក៏បុកម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1FR-9200 ជិះដោយស្ត្រីម្នាក់​ ចំពីចហៀងពេញទំហឹង​ បណ្ដាលឲ្យស្ត្រីជាម្ចាស់ម៉ូតូរងរបួសធ្ងន់​ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ​ ។

​ ក្រោយកេីតហេតុភ្លាមៗ​ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ​ បែជាព្យាយាមបេីករត់តាំងពីផ្លូវបេតុងព្រៃសរ​ រហូតជិតដល់សាលាខណ្ឌដង្កោ​ ក៏ត្រូវបានប្រជាពលរដ្ឋ​ និងអ្នកដំណេីរជួយដេញតាមចាប់បានទាំងតៃកុង​ម្នាក់ និងរថយន្តបង្កនៅលេីម៉ូតូ​របស់ជនរងគ្រោះ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោឲ្យមកពិនិត្យ​ និងធ្វេីការវាស់វែងយករថយន្តបង្ក​ និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដេីម្បីរង់ចាំដោះស្រាយពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print