ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកកាបូបពីនារីម្នាក់មិនបានសម្រេច ផ្តួលម៉ូតូចោល រួចឡើងជិះម៉ូតូបក្ខពួករត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងមានគ្នា៣នាក់ បានធ្វើសកម្មភាពឆក់យកកាបូបពីនារីជនជាតិចិនម្នាក់តែមិនបានសម្រេច ហើយត្រូវសមត្ថកិច្ចឃើញទាន់ដេញតាមស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យផ្តួលម៉ូតូចោល រួចរត់ឡើងជិះម៉ូតូមួយគ្រឿងទៀតរបស់បក្ខពួកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ធ្វើឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្តុបណតប្រ៊ីត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ កែងនឹងផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចប្រចាំគោលដៅ​នៅស្តុបណតប៊្រីត បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញនារីរងគ្រោះជាជនជាតិចិនម្នាក់បើកម៉ូតូម៉ាកហុងដាស្គូពី ពណ៌សពាក់ស្លាកលេខភ្នំពេញ 1FQ-7649តាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់បើកម៉ូតូម៉ាកនិច ស៊េរីឆ្នាំ២០២១ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1IS-1779 និងម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបានជិះពីក្រោយនារីរងគ្រោះ រួចក៏ឈោងដៃទាញយកកាបូបពីជនរងគ្រោះតែមិនបានសម្រេច ព្រោះត្រូវសមត្ថកិច្ចដែលកំពុងសម្រួលចរាចរណ៍ឃើញទាន់ស្រែកថាចោៗ រួចដេញពីក្រោយធ្វើឱ្យជនសង្ស័យ ភ័យក៏ផ្តួលម៉ូតូចោល រួចរត់ឡើងជិះម៉ូតូបក្ខពួកមួយគ្រឿងទៀតជិះគេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅស្តុបណតប្រ៊ីត បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកយកម៉ូតូជនសង្ស័យ និងនាំនារីរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម ដាក់ពាក្យបណ្ដឹងងាយស្រួល សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ និងបក្ខពួកយកមកចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print