ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានទទួលអំណោយសប្បុរសធម៌ជាសម្ភារពីក្រុមហ៊ុន Bajaj និងក្រុមហ៊ុនGrab ជា
រុីម៉កកង់បីពិសេសចំនួន៣គ្រឿងសម្រាប់ដឹកជញ្ជូនអ្នកជំងឺ និងសម្រាប់ដឹកវ៉ាក់សាំង និងអាវការពារសម្រាប់បុគ្គលិកសុខាភិបាលជាច្រើនមុខទៀតដើម្បីជាមធ្យោបាយដឹកជញ្ជូនបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយ។
ពិធីប្រគល់នឹងទទួលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ ។
លោក ហួត ហៃ ក្នុងឱកាសនោះបានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ដែលបានផ្តល់ជូននូវរុីម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន៣គ្រឿង និងអាវការពារសម្រាប់បុគ្គលិកសុខាភិបាលជាច្រើនមុខទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយដឹកជញ្ជូន និងបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនូវគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់។
សូមបញ្ជាក់ថា ៖ ក្រុមហ៊ុន Bajaj (ហនុមានអូតូត្រេឌីង ឯ.ក ) បានប្រគល់រុីម៉កកង់បីពិសេសសម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំងចំនួន៣គ្រឿង ហើយ ក្រុមហ៊ុន Grab ហ្គ្រេប (ខេមបូឌា) ឯ.ក បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នូវអាវការពារសម្រាប់បុគ្គលិកសុខាភិបាល ដែលមានដូចជា អាវការពារសម្រាប់បុគ្គលិកសុខាភិបាល ចំនួន៨០០០សម្រាប់, ម៉ាស់ប្រភេទ NK95 ចំនួន ៨,០០០ម៉ាស់ ,មួកការពារ សម្រាប់បុគ្គលិកសុខាភិបាល ចំនួន៨,០០០សម្រាប់ , ស្រោមជើង សម្រាប់បុគ្គលិកសុខាភិបាល ចំនួន ៨,០០០សម្រាប់ ៕
ដោយ៖ សំរិត