ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបានសម្រេចបិទខ្ទប់ផ្លូវចំនួន៤កន្លែងនៅក្នុងក្រុងបានលុង ដោយសារតែការរីករាលដាលផ្ទុះទ្រង់ទ្រាយធំនូវកូវីដ-១៩មានការកើនឡើងជាលំដាប់។
ការបិទបិទខ្ទប់ផ្លូវចំនួន៤កន្លែងនៅក្នុងក្រុងបានលុងនេះ រដ្ឋបាលខេត្តបានចាប់ផ្តើមអនុវត្តនៅព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ចំកណ្តាលក្រុងបានលុងតែម្តង ស្ថិតក្នុងភូមិជ័យជម្នះសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
នៅចំណុចដែលរដ្ឋបាលខេត្តបិទខ្ទប់នោះគឺដោយសារមានអ្នកជាប់ពាក់ព័ន្ធនឹងកូវីដ-១៩ទ្រង់ទ្រាយធំចូលសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០កុម្ភ:តាំងពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១កន្លងមកមាននៅក្នុងសង្កាត់ឡាបានសៀក ក្នុងនោះ អ្នកវិជ្ជមានកូវីដ-១៩មានចំនួន៥៣នាក់។ នេះបើតាមការបញ្ជាក់ពីលោក តេង សាវុធ អធិការរងក្រុងបានលុងនៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។
លោកបន្តថា ការបិទខ្ទប់នេះមាន រយៈពេល១៤ថ្ងៃ ហើយបើនៅតែមិនបានធូរស្បើយនោះទេ និឹងបន្តការបិទខ្ទប់១៤ថ្ងៃតទៅទៀត។
តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា មកដល់ត្រឹមថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២១៣នាក់។
តាមការសង្កេតឃើញថា បងប្អូនអាជីវករលក់ដូរមួយចំនូនដូចជា ហាងលក់ទូរស័ព្ទដៃ ហាងលក់គ្រឿងបន្លាស់រថយន្ត និងគ្រឿងសំណង់ជាដើម។ល។ មានការបិទទ្វារអស់ហើយដែរ ដោយសារតែពួកគាត់ខ្លាចឆ្លងជំងឺដ៏កាចសាហាវមួយនេះបន្តទៀត។
មកដល់បច្ចុប្បន្ននេះអ្នកវិជ្ជមានទាំងនោះបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័កត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំអស់ហើយ ដោយតម្រូវឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ហើយត្រូវលាងដៃជាមួយសាប៊ូ អាល់កុលជាប្រចាំផងដែរ៕