ប្រទេសថៃ៖ កម្លាំងទាហានថៃសហការជាមួយកម្លាំងនគបាលល្បាតព្រំដែនទី១២ បានចាប់ឃុំខ្លួនមេខ្យល់ជនជាតិថៃ៣នាក់និងពលករខ្មែរចំនួន២១នាក់ជាបន្ទាប់បន្ទាប់នៅក្នុងទឹកដីភូមិកែវ ផេចផ្លយ និងភូមិណងផៃកាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ។
តាមសេចក្ដីរាយការពីកម្លាំងជួរមុខបានប្រាប់ថា ពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃនោះមានប្រុស១២នាក់និងស្រី៩នាក់ចេញពីប្រទេសកម្ពុជាចូលទៅទឹកដីថៃ ព្រមទាំងមានមេខ្យល់ជនជាតិថៃម្នាក់ អ្នកមើលផ្លូវជនជាតិថៃ២នាក់ ដែលមេខ្យល់ទាំង៣នាក់នេះជាអ្នករស់នៅក្នុងស្រុកតា ព្រះយ៉ា ។ដោយឡែកពលករខ្មែរទាំងអស់ ចង់ទៅស៊ីឈ្នួលនៅក្នុងប្រទេសថៃ។
ប្រភពខាងលើបញ្ជាក់ថាៈ ក្រោយការចាប់ឃុំខ្លួន សមត្ថកិច្ចបាននាំខ្លួនអ្នកទាំងអស់ទៅសួរនាំ និងធ្វើកំណត់ហេតុចាប់ខ្លួន អនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល។ក្រោយពីសាករសួរនិងធ្វើកំណត់ហេតុរួចរាល់ ពលករទាំងអស់នឹងត្រូវបញ្ជូនមកកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕
ដោយ៖ វណ្ណា