ភ្នំពេញ ៖ ក្រុមអ្នកវិនិយោគមកពី ប្រទេសឥណ្ឌាបានមើលឃើញពីភាព អំណោយផលនៃទីផ្សារអចលនទ្រព្យ និង សណ្ឋាគារនៅកម្ពុជាដោយពួកគេគ្រោងនឹងបោះទុនប្រមាណជា១ពាន់លានដុល្លារអាមេរិកសម្រាប់វិនិយោគលើវិស័យ នេះ ។ ការបញ្ជាក់នេះត្រូវបានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាននារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារ សូហ្វីតែលក្រោមវត្ដមានមន្ដ្រីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជានិងតំណាងក្រុម ហ៊ុនអចលទ្រព្យ JATIA GROUP ។
នាយកគ្រប់គ្រងក្រុមហ៊ុន JATIA GROUPelakImtiaz (IMMY) Panjwani បានបញ្ជាក់ថា “ដោយមើលឃើញពី ឱកាសវិនិយោគលើផ្នែកអចលនទ្រព្យ នៅកម្ពុជាអាចរកផលចំណេញបានក្រុមហ៊ុនរបស់លោកនិងដៃគូធំៗមួយចំនួន ទៀតដែលមានបទពិសោធន៍យូរឆ្នាំ និង ទទួលបានជោគជ័យលើការវិនិយោគ វិស័យអចលនទ្រព្យនៅប្រទេសឥណ្ឌា បានចាប់អារម្មណ៍នឹងគ្រោងបណ្ដាក់ទុន វិនិយោគលើវិស័យនេះ ” ។ នាយកគ្រប់ គ្រងរូបនេះបន្ដថា ក្រុមហ៊ុន JATIA GROUP កំពុងស្វែងរកដៃគូនៅកម្ពុជា ដើម្បីអនុវត្ដនូវគម្រោងខាងលើនេះ ដោយចាប់យករាជធានីភ្នំពេញមុននឹងឈានទៅរកការវិនិយោគនៅខេត្ដមួយ ចំនួនទៀតក្នុងប្រទេសកម្ពុជា ។ លោក អះអាងថា យ៉ាងហោចណាស់ក៏ត្រូវ បណ្ដាក់ទុន១០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើផ្នែកនេះនៅចុង ឆ្នាំ២០១៦ហើយគ្រោងនឹងបញ្ចប់គម្រោងទាំងស្រុងនៅឆ្នាំ២០១៨ផងដែរ ។
លោក Vidip Jatia នាយកគ្រប់គ្រង Supereme Holdings & Hospitality (India) Limitedបានលើកឡើងថា ការ អភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃផ្នែកវិស័យ អចលទ្រព្យនៅកម្ពុជាធ្វើឱ្យក្រុមហ៊ុន លោកជឿជាក់ថា មានឱកាសច្រើនក្នុង ការទទួលបានជោគជ័យ ព្រោះតែទីផ្សារ នៃអចលទ្រព្យនៅកម្ពុជាស្រដៀងគ្នាទៅនឹងទីផ្សារអចលទ្រព្យនៅប្រទេសឥណ្ឌាគឺប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋឥណ្ឌាសុទ្ធតែចង់បានការចំណាយមួយក្នុងកម្រិតទាប ប៉ុន្ដែទទួលបានសមិទ្ធផលល្អ ។ លោក បន្ដថា ក្រុមហ៊ុនមានអ្នកជំនាញបច្ចេក ទេសខ្ពស់ច្បាស់លាស់ក្នុងការសាងសង់ ដែលធ្លាប់ជោគជ័យខ្ពស់នៅប្រទេសឥណ្ឌាដូចនេះលោកជឿជាក់ថា នឹងទទួលបាន លទ្ធផលល្អនៅកម្ពុជាដែរ ។
គួរបញ្ជាក់ថាក្រុមហ៊ុននេះបានចាប់ ផ្ដើមដំណើរការពីឆ្នាំ១៩៨២មានចំណាប់អារម្មណ៍ខ្លាំងលើមុខជំនួញការគ្រប់គ្រងអភិវឌ្ឍន៍សណ្ឋាគារលំដាប់ផ្កាយប្រាំ អភិ វឌ្ឍន៍អចលនទ្រព្យ រួមទាំងផ្ដល់ជូនឥណ ទានធនាគារការធ្វើពាណិជ្ជកម្មអាហារ ភេសជ្ជៈនិងបណ្ដាក់ទុនជាច្រើនទៀតនៅឥណ្ឌាផងដែរ ៕ វឌ្ឍនា