កម្លាំងទាហានមីយ៉ាន់ម៉ាចាប់បានអាវុធមួយចំនួនធំ ដែលបានលាក់ទុកក្នុងរថយន្តដឹកទំនិញធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ា។
សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីបណ្តាញព័ត៌មាន ជាតិមីយ៉ាន់ម៉ា Global New Light of Myanmar ដែលបានផ្សាយថា អាវុធដែលរឹបអូសបានមានកាំភ្លើងយន្ត១០០ដើម និងគ្រាប់កាំភ្លើង១ម៉ឺនគ្រាប់ ព្រមទាំងគ្រាប់បែក៤៩៩គ្រាប់ រំសេវផ្ទុះជាច្រើន ។
តាមសារព័ត៌មាន Global New Light of Myanmar អ្នកដែលត្រូវបានចាប់ខ្លួនគឺជាសមាជិកកម្លាំងទាហានប្រជាជនមីយ៉ាន់ម៉ា PDF ជាសាខារបស់រដ្ឋាភិបាលសាមគ្គីជាតិបង្កើតឡើងដោយតំណាងរាស្ត្រជាប់ឆ្នោតប្រឆាំងរដ្ឋាភិបាលយោធា។
មនុស្ស៤នាក់ដែលទាហានចាប់ខ្លួនបានសារភាពថា ពួកខ្លួនទទួលបានការហ្វឹកហាត់ពីកម្លាំងទាហានកាឈីន ជាក្រុមប្រដាប់អាវុធឯករាជ្យ ដើម្បីប្រឆាំងរដ្ឋាភិបាលយោធា ។ ការហ្វឹកហាត់ធ្វើឡើងនៅតំបន់ព្រំដែនជាប់ប្រទេសថៃ និងផ្គត់ផ្គង់អាវុធដល់ទាហានថ្មីទាំងនោះ។
ទាហាន៤នាក់ដឹកអាវុធត្រូវទាហានមីយ៉ាន់ម៉ាចាប់ខ្លួនក្រោយមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងទាហានរដ្ឋាភិបាល និឹងក្រុមប្រដាប់អាវុធ PDF Mandalay ។ កម្លាំងទាហានបានចាប់ខ្លួនមនុស្ស៨នាក់និងសម្លាប់៨នាក់ ។
មីយ៉ាន់ម៉ាធ្លាក់ក្នុងវិវាទចាប់តាំងពីកម្លាំងទាហានផ្តួលរំលំរដ្ឋាភិបាល របស់លោកស្រីស៊ូជី នៅថ្ងៃទី ១ខែកុម្ភៈឡើងកាន់អំណាចដឹកនាំប្រទេសជាតិ ។ ពលរដ្ឋដែលប្រឆាំងយោធាបានបង្កើតកម្លាំងទាហានដាច់ដោយឡែក ប្រឆាំងរដ្ឋាភិបាល៕ ដោយ៖ធីរីណា