ខេត្តតាកែវ÷ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ខេត្តចំនួន៥ ដែលមានហានិភ័យជាងគេ រួមមានខេត្តព្រះសីហនុ-កំពង់ស្ពឺ-ខេត្តតាកែវ-ខេត្តកំពង់ចាម និងខេត្តស្វាយរៀង និងត្រូវទទួលបានចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់លើប្រជាពលរដ្ឋជិត១លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង១លាននាក់ ហើយនៅសល់ប៉ុន្មានមន្ទីរសុខាភិបាលខេត្តជាអ្នករ៉ប់រងចាក់ ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំង ជូនដល់មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយចំនួន ក្នុងភូមិសាស្រ្តស្រុកសំរោង និងស្រុកបាទី ថ្ងៃទី២៦ខែមិថុនា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន ប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានមានប្រសាសន៍បន្តទៀតថាបើតាមគម្រោងផែនការរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានប្រគល់ភារកិច្ចឱ្យកងទ័ពទទួលខុសត្រូវ ក្នុងការធ្វើសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិយោជិត និងជនបរទេស ដែលរស់នៅស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត ដែលត្រូវទទួលការ ចាក់វ៉ាក់សាំង ចំនួនសរុបប្រមាណ ១លាន ២សែន ៤ម៉ឺន ៤១២នាក់ ក្នុងនោះកងទ័ពទទួលខុសត្រូវ ចាក់ប្រមាណជា ៨សែន ៣ម៉ឺន ៩ពាន់ ៦៨៥នាក់ សុខាភិបាលតាមបណ្ដាខេត្ត ទទួលខុសត្រូវចាក់ ប្រមាណជា ៤សែន ៧២៧នាក់។
លោកនាយឧត្តមសេនីយ៍ ក៏បានអំពាវនាវប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង ត្រូវមកតាមការ កំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ ចំពោះប្រជាពលរដ្ឋដែល ដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមក ជាមួយមានដូច ជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា។
ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ ឱ្យកងយោធពលខេមរភូមិន្ទចាក់វ៉ាក់សាំង ជូនកម្មករ និយោជិត និងជនបរទេសដែលមាន អាយុចាប់ពី ១៨ឆ្នាំឡើង។ ករណីប្រជាពលរដ្ឋនៅខេត្តតាកែវ និងបណ្តាខេត្តទូទាងំប្រទេសបានចាក់វ៉ាក់សាំងគ្រប់គ្នា នោះនឹង ទទួលបានភាពស៊ាំមួយ ដើម្បីទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងនាមប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃគ្រប់ព្រះអង្គ សូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលសម្តេច ខិតខំរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង និងបានដាក់ចេញវិធានការចុះ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
ពិសេសថ្ងៃនេះសម្តេចបានដឹកនាំចាត់ចែងកងកម្លាំងចេញ ធ្វើសកម្ម ភាពដោយផ្ទាល់ គឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តតាកែវ ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើកិច្ចសហ ការជាមួយក្រុមការងារចាក់វ៉ាក់សាំង ព្រមទាំងបានដាក់ចេញនូវផែនការលម្អិត ចាត់ចែងអញ្ជើញ បងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់មកតាមការចាត់ចែងរបស់អាជ្ញាធរ ដើម្បីមានសណ្តាប់ធ្នាប់ អនុវត្ត វិធានការណ៍ ៣.ការពារ និង៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ប្រសិនបើប្រជាពលរដ្ឋមកតាមការរៀបចំរបស់អាជ្ញាធរ វាអាចជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន ព្រោះបេសកកម្មរបស់កងយោធពល ខេមរភូមិន្ទ មិនមែនមានតែខេត្តតាកែវមួយទេ មានរាជធានី ខេត្តទាំង២៥ ត្រូវបន្តបេសកកម្ម ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដូច្នេះគោលដៅនីមួយៗត្រូវខិតខំសហការគ្នា ដើម្បីឱ្យបេសកកម្ម ចាក់វ៉ាក់សាំងបានលឿន ហើយវ៉ាក់សាំងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ៕
ដោយ៖ សូរិយា