ប្រមុខដឹកនាំរបស់អង្គការសុខភាពពិភពលោក WHO បានរិះគន់យ៉ាងខ្លាំង ដល់ការខ្វះតម្លាភាពក្នុងការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ ១៩ នៅលើពិភពលោក ។ ប្រទេសអ្នកមានសល់វ៉ាក់សាំងរាប់លានដូស ចំណែកប្រទេសក្រីក្រ រកវ៉ាក់សាំងចាក់គ្មាន។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៥ខែមិថុនា អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានលើកឡើងថា ប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំង ចំណែកប្រទេសអ្នកមានបានបើកទ្វារឡើងវិញ ហើយបានចាក់វ៉ាក់សាំងដល់ក្រុមយុវជនដែលមានការឆ្លងទាប។
ចំណែកនៅក្នុងទ្វីបអាហ្វ្រិក លោក Tedros Adhanom Ghebreyesusបានបញ្ជាក់ថា វីរុសបំប្លែងថ្មី ដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា បានរកឃើញនៅក្នុងប្រទេសក្នុងទ្វីបអាហ្វ្រិក ដែលមានល្បឿនឆ្លងខ្ពស់ និងគ្រោះថ្នាក់។
មិនត្រឹមតែប៉ុណ្ណោះប្រមុខ លោក Tedros Adhanom Ghebreyesus បានថ្កោលទោស ប្រទេសមួយចំនួន ដែលស្ទាក់ស្ទើរនៅក្នុងការចែកចាយវ៉ាក់សាំងដែលខ្លួន មានច្រើនលើសលុប ។
មកទល់ពេលនេះ COVAX បានចែកចាយវ៉ាក់សាំង បានជាង ៩០លានដូសហើយដល់ ១៣២ប្រទេសជុំវិញពិភពលោក ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១មក។ ការចែកចាយវ៉ាក់សាំងជួបផលលំបាកនិងខ្វះខាតវ៉ាក់សាំងជាច្រើន ក្រោយឥណ្ឌាផ្អាកនាំចេញវ៉ាក់សាំង ដើម្បីទុកចាក់ជូនពលរដ្ឋឥណ្ឌា ក្រោយមានករណីឆ្លងកូវីដ កើនឡើងច្រើន ៕ ដោយ៖ សាធី
លោក Tedros Adhanom Ghebreyesus បានជំរុញឱ្យប្រទេសដែលមានប្រាក់ចំណូលខ្ពស់ចែករំលែកវ៉ាក់សាំង Covid-19 ។ រូបភាព៖AFP