នាយករដ្ឋមន្ត្រីថៃ បានចេញបញ្ជាបិទការដ្ឋានសំណង់រាប់រយកន្លែង ហើយបញ្ជូនកម្លាំងទាហានទៅត្រួតពិនិត្យការអនុវត្តច្បាប់ ទប់ស្កាត់កម្មករវិលត្រឡប់ទៅស្រុកវិញដោយខ្លាចនាំយកវីរុសទៅចម្លងនៅតំបន់ផ្សេងៗ។ កម្មករសំណង់ទាំងអស់ដែលត្រូវឡោមព័ទ្ធឲ្យនៅក្នុងផ្ទះគឺទទួលបានប្រាក់ខែ៥០% ផងដែរ។
នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា «សូមអនុវត្តការបិទខ្ទប់រយៈពេល១ខែឱ្យបានល្អបំផុត ហើយអ្វីគ្រប់យ៉ាងនឹងផ្លាស់ប្តូរក្នុងរយៈពេល១ខែក្រោយមក»។ នាយករដ្ឋមន្ត្រីថៃក៏បានច្រានចោលពាក្យចចាមអារ៉ាមថា នឹងបិទខ្ទប់ទីក្រុងបាងកកទាំងមូល។ លោកនាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា នៅចំពោះមុខ ថៃនឹងបិទខ្ទប់តាមតំបន់និីមួយៗដែលមានករណីឆ្លងខ្ពស់ ដូចជាការដ្ឋានសំណង់ក្នុងទីក្រុងបាងកកនិងខេត្តចំនួន៤ជាប់ព្រំដែនប្រទេសម៉ាឡេស៊ី។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ទីក្រុងបាងកកមានការដ្ឋានសាងសង់ចំនួន ៤០០កន្លែង ដែលមានកម្មកររហូតដល់ទៅ៨៧ពាន់នាក់ ហើយគម្រោងសាងសង់ទាំងអស់នឹងត្រូវផ្អាកក្នុងរយៈពេល១ខែ ។ រដ្ឋាភិបាលនិឹងត្រូតពិនិត្យយ៉ាងតឹងតែងទៅលើទីតាំងដែលកម្មករសំណង់រស់នៅ ទប់ស្កាត់កម្មករចេញពីទីកន្លែងទៅខាងក្រៅ អាចបង្កឲ្យមានករណីឆ្លងខ្ពស់។
ការបិទខ្ទប់ចាប់ផ្តើមនៅថ្ងៃទី ២៨ខែមិថុនា ក្រោយរដ្ឋាភិបាលត្រួតពិនិត្យនិងសម្រេច។ ក្រសួងការងារថៃ បានបញ្ជាក់ថា ពលករដែលរងផលប៉ះពាល់នឹងទទួលបានប្រាក់ខែ៥០%នៃប្រាក់ខែគោល។
នៅថ្ងៃទី២៧ខែមិថុនា ប្រទេសថៃបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៣,៩៩៥នាក់ និងស្លាប់៤២នាក់បន្ថែមទៀត។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន៤៥នាក់ ជាអ្នកទោសនៅតាមពន្ធនាគារ និង៣៥នាក់ជាអ្នកទើបត្រឡប់មកពីក្រៅប្រទេស ហើយទីក្រុងបាងកករកឃើញច្រើនជាងគេ គឺ១,៣៧០នាក់។ បន្ទាប់មកទៀត រួមមានខេត្ត Samut Sakhon ដែលរកឃើញ២៨៩នាក់, ខេត្ត Samut Prakan រកឃើញ២៣១នាក់, ខេត្ត Nonthaburi រកឃើញ១៩៥នាក់ និងខេត្ត Pattani រកឃើញ១៨៩នាក់។ ក្នុងថ្ងៃដដែលនេះ ថៃក៏បានរាយការណ៍ពីអ្នកទើបជាសះស្បើយ ចំនួន២,២៥៣នាក់ផងដែរ។
សរុបមក ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសថៃ បានបន្តកើនដល់២៤៤,៤៤៧នាក់ ក្នុងនោះ១,៩១២នាក់ស្លាប់ និង១៩៨,៩២៨នាក់ ជាសះស្បើយឡើងវិញ។ រីឯយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺនេះ ថៃសម្រេចបាន៩.០៥លានដូស៕ដោយ៖ធីរីណា
បុគ្គលិកពេទ្យនិងកងកំលាំងសន្តិសុខចុះត្រួតពិនិត្យទីតាំងលំនៅដ្ឋានរបស់កម្មករសំណង់នៅបាងកក – បាងកកបុស្តិ៍
ការរង់ចាំការចាក់វ៉ាក់សាំង COVID-១៩ នៅទីក្រុងបាងកកប្រទេសថៃថ្ងៃទី ៧ ខែមិថុនា – រូបថត៖ REUTERS