គិតត្រឹមយប់ថ្ងៃទី ២៧ខែមិថុនា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ១៩ សរុប មានជាង ១៨១លាននាក់ និងស្លាប់ជាង ៣,៩លាននាក់ ។ ជាមួយគ្នានេះដែរក៏មានអ្នកជាសះស្បើយ ជាង១៦៦លាននាក់ផងដែរ។
តំបន់អាស៊ី មានករណីឆ្លងសរុប ជាង ៥៥,៣លាននាក់ និងស្លាប់ ជាង ៧៨៣ពាន់នាក់។ តំបន់អឺរ៉ុបឆ្លងសរុបជាង៤៧,៧លាននាក់ ស្លាប់ជាង១លាននាក់ ។ តំបន់អាមេរិកខាងជើង មានអ្នកឆ្លងជាង៤០,៥លាននាក់ និងស្លាប់ជាង ៩១៦ពាន់នាក់។ អាមេរិកខាងត្បូងមានអ្នកឆ្លងជាង ៣២,៤លាននាក់ និងស្លាប់ជាង ៩៩២ពាន់នាក់។ តំបន់អាហ្វ្រិកមានអ្នកឆ្លងជាង៥,៤លាននាក់និងស្លាប់ជាង ១៤១ពាន់នាក់។ តំបន់អូសេអានី មានអ្នកឆ្លង ជាង ៧៣ពាន់នាក់ និងស្លាប់ ជាង ១,២ពាន់នាក់
ជាមួយគ្នានេះដែរ នៅទូទាំងពិភពលោក ក៏បានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ២,៩២ពាន់លានដូសហើយ មកទល់ពេលនេះ ។ តំបន់អាស៊ីដែលមានពលរដ្ឋច្រើនជាងគេ និងមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេផងដែរ បានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង១,៧៨ពាន់លានដូសហើយ។ ក្នុងនោះប្រទេសចិនគឺចាក់វ៉ាក់សាំងបានច្រើនដូសជាងគេ ។
គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ១.១៦ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស
ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក៕ដោយ៖សាធី