លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Veena Reddy ជានាយកទីភ្នាក់ងារ USAID ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា !

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:៣០ ព្រឹកថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Veena Reddy ជានាយកទីភ្នាក់ងារ USAID ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីបញ្ចប់បេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងខ្លួនលោកផ្ទាល់ លោករដ្ឋមន្ត្រីតាមរយ:លោកស្រី បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក តាមរយ:ទីភ្នាក់ងារ USAID ដែលបានជួយអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។ លោករដ្ឋមន្ត្រីបានជម្រាបជូនលោកស្រីថារាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារ USAID បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់ សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និង ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

នាឱកាសនេះ ក្នុងនាមឲ្យទីភ្នាក់ងារ USAID លោកស្រីបានថ្លែងអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួបជម្រាបលាក្រោយបញ្ចប់បេសកកម្មរយ:ពេល ០៤ឆ្នាំនៅកម្ពុជា។ ០៤ឆ្នាំត្រូវបានបញ្ចប់ បានបន្សល់ទុកនូវអនុស្សាវរីយ៍យ៉ាងច្រើនមិនអាចបំភ្លេចបាននៅលើទឹកដីអង្គរដ៏បវរ និងជាពិសេសសមិទ្ធផលសំខាន់ៗជាច្រើនតាមរយ:ការអនុវត្តគម្រោងកម្មវិធីដែលទាក់ទងនឹងការអភិវឌ្ឍន៍វិស័យកសិកម្ម។ លោកស្រីសង្ឃឹមថាសមិទ្ធផលនេះ និងគម្រោងកម្មវិធីបន្តបន្ទាប់ទៀតដែលទីភ្នាក់ងារ USAID គ្រោងនឹងជួយដល់កម្ពុជា ប្រាកដជាចូលរួមចំណែកធ្វើការអភិវឌ្ឍប្រទេសមួយនេះឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព និងវិបុលភាពនាពេលអនាគត។ តាមរយ:សមិទ្ធផលនេះ ជាថ្មីម្តងទៀត លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង សហការី និងអង្គភាពពាក់ព័ន្ធដែលបានយកចិត្តទុកដាល់សហការ ជ្រោមជ្រែងគ្រប់បែប យ៉ាងធ្វើឲ្យការ អនុវត្តគម្រោងនានាសម្រេចទទួលបានផ្លែផ្កាគួរជាទីមោទន។ ឆ្លៀតយកឱកាសនេះ លោកស្រីក៏បានជម្រាបជូនលោករដ្ឋមន្រ្តីផងដែរថា ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ។

លោករដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះលោកបញ្ជាក់ថាវានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ។
លោកបានបញ្ជាក់បន្ថែមថា នេះគឺជាគម្រោងដែលក្រសួងចង់បានដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខមាលភាពសម្រាប់អ្នកបរិភោគ និងកំណើនតម្លៃបន្ថែម។ ចុងក្រោយ លោករដ្ឋមន្ត្រីបានស្នើសុំទៅទីភ្នាក់ងារ USAID ថារាល់គម្រោង ឬកម្មវិធីជំនួយគួរគិតពិចារណាលើគោលបំណងរបស់គម្រោងធ្វើយ៉ាងណាឲ្យស្របទៅតាមការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ពិសេសស្របតាមបរិបទនៃការរីករាលដាលជំងឺឆ្កងកូវីដ-១៩៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print