លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តបង្ហាញពី វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១៤៖ “ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តបង្ហាញពី វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១៤៖ “ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ នៅកម្ពុជា (ជំហានទី ១)” The Establishment of Center of Excellence on Sustainable Agricultural Intensification and Nutrition (CE SAIN) in Cambodia (Phase 1)

លោករដ្ឋមន្ត្រីថ្លែងថា, មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន (CE SAIN) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានទទួលការគាំទ្រហិរញ្ញវត្ថុពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈកម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ប្រពលវប្បកម្មនិរន្តរភាព នៃសាកលវិទ្យាល័យ រដ្ឋកាន់សាស សហរដ្ឋអាមេរិក ចំនួន៣លានដុល្លាអាមេរិក សម្រាប់អនុវត្តសកម្មភាពរយៈពេល ៥ ឆ្នាំ (២០១៦-២០២១)។ ស៊ីសេនត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ស៊ីសេនមានទិសដៅជំរុញនវានុវត្តន៍វិស័យឯកជន ការអប់រំនិងស្រាវជ្រាវកសិកម្ម និងការពង្រឹងសមត្ថភាពវិស័យសាធារណៈតាមរយៈកិច្ចសហប្រតិបត្តិការ និងការចែករំលែកចំណេះដឹង ដើម្បីធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។ មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន មានគោលបំណង ៣ សំខាន់ៗ ដូចខាងក្រោម៖
១-សម្របសម្រួល និង បង្កើនប្រសិទ្ធិភាពសកម្មភាពនៃកម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ផ្សេងៗ នៃទីភ្នាក់ងារសហរដ្ឋអាមេរិក USAID ដែលផ្តោតលើប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ។
២-កសាង និងពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
៣-បង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្ម ដើម្បីបង្ហាញបច្ចេកទេស និង យុទ្ធសាស្រ្តដែលមានសក្តានុពល ដើម្បីធ្វើ ប្រពលវប្បកម្មប្រព័ន្ធកសិកម្ម របស់កសិករខ្នាតតូចប្រកបដោយនិរន្តរភាព។

សាកលវិទ្យាល័យភូមិន្ទកសិកម្មតាមរយៈមជ្ឈមណ្ឌលឧត្តមភាពស៊ីសេនបាន និងកំពុងអនុត្តសកម្មភាពនៅតំបន់គោលដៅ ហើយទទួលបានលទ្ធផលតាមគោលបំណងនិមួយៗ មានដូចខាងក្រោម៖

គោលបំណងទី១៖ ស៊ីសេនបានសហការយ៉ាងជិតស្និទ្ធជាមួយភាគីម្ចាស់ជំនួយ និងភាគីអនុវត្តគម្រោងផ្សេងៗដែលគាំទ្រហិរញ្ញវត្ថុដោយ USAID នៅកម្ពុជាដើម្បីផ្សារភ្ជាប់នូវសកម្មភាព ដែលផ្តោតលើប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ ហើយសកម្មភាពសំខាន់ៗរួមមាន៖
 ស្ថាប័នដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកចំនួនជាង ២០ បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីចូលរួមសហការក្នុងការអនុវត្តគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយមានសាស្រ្តាចារ្យ មន្រ្តី និងនិស្សិត បានចូលរួមសកម្មភាពដើម្បីពង្រឹងសមត្ថភាព។
 ដៃគូអនុវត្តគម្រោង និងអ្នកស្រាវជ្រាវមកពីស្ថាប័នជាតិ និងអន្តរជាតិបាននាំយកបច្ចេកទេសកសិកម្មប្រពលវប្បកម្មនិរន្តរភាពដែលសមស្របមកធ្វើការស្រាវជ្រាវ និងដាក់បង្ហាញនៅឧទ្យានបច្ចេកវិទ្យាកសិកម្ម។
 ពង្រឹង និងពង្រីកកិច្ចសហការជាមួយដៃគូបន្ថែម និងស្នើសុំជាជំនួយបច្ចេកទេស លើការបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
 រៀបចំទស្សនកិច្ច និង កិច្ចពិភាក្សាផ្សេងៗ ដើម្បីស្វែងយល់ពីលទ្ធភាពផ្តល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុបន្ថែមដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសាកលវិទ្យាល័យតាមផែនការយុទ្ធសាស្រ្ត។

គោលបំណងទី២-ស៊ីសេនបានចូលរួមកសាង និងពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្សនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈសកម្មភាពសំខាន់ៗរួមមាន៖
 សហការសរសេរគម្រោងសំណើស្រាវជ្រាវថ្មីៗជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីនាំយកសកម្មភាពស្រាវជ្រាវមកអនុវត្តនៅប្រទេសកម្ពុជា ដែលជាលទ្ធផលគម្រោងចំនួន ២០ បាន និងកំពុងអនុវត្ត ក្រោមកិច្ចសម្របសម្រួលនេះ។
 រៀបចំជាវគ្គបណ្តុះបណ្តាលខ្លីៗ និងបឋកថាខ្លីៗ ជាសាធារណៈ ដែលមានវាគ្មិនជាសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ លើវិស័យកសិកម្ម ជូនដល់មន្រ្តី និស្សិត និងភាគីពាក់ព័ន្ធ។
 ផ្តល់ជាអាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ៨ រូប និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៩ រូប ដល់មន្រ្តី និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយផ្សារភ្ជាប់ទំនាក់ទំនងជាមួយសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវពីស្ថាប័នអន្តរជាតិ ដើម្បីជួយគាំទ្រដល់ការស្រាវជ្រាវ និងសរសេរនិក្ខេបបទបញ្ចប់ការសិក្សា។

 គាំទ្រហិរញ្ញវត្ថុដល់គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍មន្ទីរពិសោធន៍ ដល់មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីបង្កើនសមត្ថភាពស្រាវជ្រាវ និងជំរុញការបោះពុម្ពលទ្ធផលស្រាវជ្រាវ ក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត ផ្សេងៗ ហើយជួយផ្សារភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីពិភាក្សាពីលទ្ធភាពនាំយកបច្ចេកទេសដែល ផលិតចេញពីការស្រាវជ្រាវទៅកាន់ទីផ្សារ។
 គាំទ្រហិរញ្ញវត្ថុដល់ការស្រាវជ្រាវសារណា និងនិក្ខេបបទរបស់ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រដើម្បីបង្កើនគុណភាពស្រាវជ្រាវ និងប្រើប្រាស់លទ្ធផលស្រាវជ្រាវ ជាប្រយោជន៍ផ្សេងៗ ក្នុងវិស័យកសិកម្ម។
 គាំទ្រដល់ការរៀបចំសន្និសីទវិទ្យាសាស្រ្តជាតិ និងអន្តរជាតិ ដើម្បីប្រើប្រាស់ជាវេទិកាដល់អ្នកស្រាវជ្រាវ និងនិស្សិតបានចែករំលែក និងស្វែងយល់ពីរបកគំហើញកសិកម្មផ្សេងៗដែលបានស្រាវជ្រាវក្នុង និងក្រៅប្រទេស។

គោលបំណងទី៣-ស៊ីសេនបានសហការជាមួយស្ថាប័នក្នុងស្រុក បង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្ម បានចំនួន ៥ ដែលមានទីតាំងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កំពង់ចាម កំពង់ធំ សៀមរាប និងបាត់ដំបង ដើម្បីបង្ហាញបច្ចេកទេស និងយុទ្ធសាស្រ្ត ដែលមានសក្តានុពលដើម្បីធ្វើប្រពលវប្បកម្មប្រព័ន្ធកសិកម្ម របស់កសិករខ្នាតតូចប្រកបដោយនិរន្តរភាព។ សកម្មភាពសំខាន់ៗ រួមមាន៖
 ដាក់បង្ហាញ និងធ្វើពិសោធន៍លើបច្ចេកទេសកសិកម្ម សម្រាប់ផលិតកម្មដំណាំ បសុសត្វ និងវារីវប្បកម្ម ដែលសមស្រប ដើម្បីធ្វើប្រពលវប្បកម្មកសិកម្មប្រកបដោយនិរន្តរភាព នៅតាមតំបន់នីមួយៗ។
 សហការជាមួយភាគីពាក់ព័ន្ធរួមមានស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនក្នុងការផ្ទេរបច្ចេកទេសកសិកម្មដល់កសិករដើម្បីជួយជំរុញផលិតភាពកសិកម្ម និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ។
 រៀបចំជាវគ្គបណ្តុះបណ្តាលជូនដល់កសិករ និងភាគីពាក់ព័ន្ធ បានចំនួន ១២៤៧ នាក់ និងធ្វើទស្សនកិច្ចសិក្សាបានចំនួន ៤៩៩៨ នាក់ ដើម្បីផ្តល់ឱកាសសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្មប្រពលវប្បកម្មប្រកបដោយនិរន្តរភាព ហើយសិក្សាពីលទ្ធភាពទទួលយក ដើម្បីអនុវត្តក្រោមការផ្តល់ប្រឹក្សាបច្ចេកទេសពីក្រុមការងារ។
 បណ្តុះបណ្តាលនិស្សិតហាត់ការរយៈពេល ៦ខែ បានចំនួន ១០០ នាក់ ដើម្បីសិក្សាពីបច្ចេកទេសកសិកម្ម និងការគ្រប់គ្រងកសិដ្ឋាន ដើម្បីពង្រឹងសមត្ថភាព និងជាស្ពានចំលងសម្រាប់ការងារនៅស្ថាប័នរដ្ឋ ឯកជន និងអង្គការនានា។
 រៀបចំជាសម្ភារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដូចជាសៀវភៅមគ្គទេសក៍ ខិតប័ណ្ណ និងវីដេអូបច្ចេកទេសផ្សេងៗ ដើម្បីបង្ហាញពីដំណាក់កាលអនុវត្តន៍ ជូនដល់កសិករ និស្សិត និងភាគីពាក់ព័ន្ធ។

ដោយមានការខិតខំប្រឹងប្រែងអនុវត្តសកម្មភាពរបស់ក្រុមការងារ និងការលើកទឹកចិត្ត និងចង្អុលបង្ហាញជាប្រចាំពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងនេះត្រូវបានទីភ្នាក់ងារសហរដ្ឋអាមេរិក USAID វាយតម្លៃខ្ពស់ ពីលទ្ធផលសម្រេចបាន ហើយបានឯកភាពផ្តល់ការគាំទ្រហិរញ្ញវត្ថុ សម្រាប់ការអនុវត្តនៅជំហានទី ២ ជាបន្តទៀត៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print