ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ជិត២ម៉ឺន នាក់ទៀត កំពុងបន្ដមកចាក់វ៉ាក់សាំងការពារកូវីដ-១៩លើកទី១ នៅទីតាំងទាំង១៤ ដែលបានកំណត់ដោយអាជ្ញាធរ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរស់នៅរាជធានីភ្នំពេញ បានបន្ដមកទទួលការ ចាក់វាក់សាំង លើកទី១ រយៈពេល ពីថ្ងៃមានជិត២ម៉ឺននាក់ហើយ គឺថ្ងៃអាទិត្យទី២៧មិថុនា និងនៅព្រឹកថ្ងៃ២៨ មិថុនា ឆ្នាំ២០២១ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទ ចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃ២៧មិថុនា ដល់ថ្ងៃ០៨កក្កដាឆ្នាំ២០២១ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញអោយ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះអោយបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់អោយបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។
ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅដែលបានមកចាក់វាក់សាំងប្រឆាំងកូវីដ-១៩ បានបញ្ជាក់ឱ្យដឹងថា ៖ចំពោះការយឺតយ៉ាវ និងបានមកទទួលការចាក់វ៉ាក់សាំងនេះ ដោយសារតែ នៅពេលអាជ្ញាធរអញ្ជើញឱ្យពួកគាត់ មកចាក់នោះ ពួកគាត់មានជម្ងឺ និងមួយចំនួនទៀតជាប់ទៅស្រុកកំណើត ទើបអាក់ខានមិនបានមកទទួលការចាក់វ៉ាក់សាំងនេះ ។ ពួកគាត់ពិតជាអរគុណណាស់ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានពន្យាពេលឱ្យបានការចាក់វ៉ាក់សាំង ចំពោះពួកគាត់ដែលមិនទាន់បានមកចាក់នាពេលកន្លងមក បានចាក់នៅពេលនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបា៖នបញ្ជាក់ឱ្យដឹងថា ៖ចំពោះប្រជាពលរដ្ឋ ដែលមិនបានទទួលទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅក្នុង១៣ខណ្ឌក្នុងរាជធានីភ្នំពេញ មានចំនួនសរុប ១៩៣៩៩នាក់ ក្នុងនោះ នៅខណ្ឌកំបូល នៅសល់ចំនួន ៩៨៧នាក់
ខណ្ឌពោធិសែនជ័យ នៅសល់ចំនួន ៤៩៨០នាក់ ខណ្ឌទួលគោក នៅសល់ចំនួន ១២៩៧នាក់ ខណ្ឌ៧មករា នៅសល់ចំនួន៧៥៥នាក់ ខណ្ឌដូនពេញ នៅសល់ចំនួន៥២១នាក់ ខណ្ឌបឹងកេងកង នៅសល់ចំនួន៧០២នាក់ ខណ្ឌចំការមន នៅសល់ចំនួន២២២នាក់ ខណ្ឌដង្កោនៅសល់ចំនួន១៨៨៧នាក់ ខណ្ឌជ្រោយចង្វា នៅសល់ចំនួន២៥៩០នាក់ ខណ្ឌឬស្សីកែវ នៅសល់ចំនួន៣០០នាក់ ខណ្ឌច្បារអំពៅនៅសល់ចំនួន១៨៧៣នាក់ ខណ្ឌមានជ័យ រួចរាល់ ខណ្ឌសែនសុខ នៅសល់ចំនួន១៧៦១នាក់និងព្រែកព្នៅនៅសល់ចំនួន១៥២៤នាក់។
សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានី បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយអនុលោមតាមផែនការមេ សម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ជាសេនាធិការ និងដែលមាន កិច្ចសហការពីក្រុមគ្រូពេទ្យនៃ កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក និងក្រុមគ្រូពេទ្យនៃអង្គភាពផ្សេងៗ បានដំណើរការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែល មានអាយុពី១៨ឆ្នាំឡើងទៅនៅ រាជធានីភ្នំពេញបានយ៉ាងរលូន ស្របតាមជំហានកម្មវិធីការងារ ដែលបានគ្រោងទុក ហើយប្រជាពលរដ្ឋក៏បាន ស្ម័គ្រចិត្តយ៉ាងសស្រាក់សស្រាំ តម្រង់ជាជួរមកចាក់វ៉ាក់សាំង តាមគោលដៅនៃខណ្ឌនីមួយៗ ដែលគិតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចំនួន ១,៦៦២,៣៥៦ នាក់ (ដូសទី១) និង ១,៤៩៨,៧៨៧ នាក់ (ដូសទី២)។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេសង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយ ចំនួនតូចទៀតពុំទាន់ រួសរាន់មកទទួលការចាក់វ៉ាក់សាំង នៅឡើយ។ ដើម្បីឈានទៅ សម្រេចលទ្ធផលឱ្យបាន ជោគជ័យ១០០% ស្របតាមផែនការ យុទ្ធសាស្ត្ររបស់ គណៈកម្មការចាក់វ៉ាក់សាំង និងរាជរដ្ឋាភិបាល ដែលគ្រោងបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២១នោះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ ប្រជាពលរដ្ឋដែលកំពុង រស់នៅស្នាក់នៅ ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលពុំទាន់បានទទួល ការចាក់វ៉ាក់សាំង អញ្ជើញរួសរាន់ មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កុំបីខាននៅតាមទីតាំង ដែលបានកំណត់ក្នុងខណ្ឌទាំង១៤៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print