ក្នុងពេលប្រឈមមុខតានតឹងស្តីពីវ៉ាក់សាំងរវាងកោះតៃវ៉ាន់និឹងចិនដីគោក ធ្វើឲ្យពលរដ្ឋកោះតៃវ៉ាន់ជាច្រើនបានជ្រើសរើសទៅកាន់ប្រទេសចិនដើម្បីចាក់វ៉ាក់សាំងដោយបារម្ភខ្លាចផ្ទុះកូវីដ-១៩ថ្មី ។
សារព័ត៌មានSCMP បានផ្សាយថា អ្នកស្រី Emily Huang បានឱ្យដឹងថាអ្នកស្រីរស់នៅកោះតៃវ៉ាន់បានទៅកាន់ចិនដីគោកដើម្បីចាក់វ៉ាក់សាំង។ អ្នកស្រីមានដើមកំណើតនៅចិនដីគោក ហើយក៏បានរៀបការមករស់នៅកោះតៃវ៉ាន់រយៈពេល២០ឆ្នាំហើយ។ ពេលនេះអ្នកស្រីមានអាយុជាង៤០ឆ្នាំហើយ ។ អ្នកស្រីក៏បានវិលត្រឡប់ទៅខេត្តហាណាម ក្រោយកូវីដ-១៩ផ្ទុះខ្លាំងនៅកោះតៃវ៉ាន់។ អ្នកស្រីបារម្ភពីសុខភាពដោយមិនអាចរង់ចាំទៀតឡើយ ក៏បានសម្រេចទៅស្រុកដើម្បីចាក់វ៉ាក់សាំង។
តាមការិយាល័យទទួលបន្ទុកបញ្ហាកោះតៃវ៉ាន់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថា មានពលរដ្ឋរស់នៅកោះតៃវ៉ាន់ប្រមាណ ៦២ពាន់នាក់ បានទៅចាក់វ៉ាក់សាំងនៅចិនដីគោក។
ជាមួយគ្នានេះដែរ អ្នកស្រី Alice Yang ម្ចាស់ក្រុមហ៊ុនទេសចរណ៍នៅទីក្រុងតៃបុិ កោះតៃវ៉ាន់ បានឱ្យដឹងថា ភាគច្រើនអតិថិជនរបស់ក្រុមហ៊ុន គឺមានទំនាក់ទំនងល្អជាមួយចិនដីគោក ហើយក៏បានរៀបចំឱ្យទៅកាន់ដីគោកដើម្បីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
អ្នកស្រី Yang បានបញ្ជាក់ថា «ភាគច្រើនអ្នកទៅកាន់ចិនដីគោកគឺជាអ្នកបានរៀបការជាមួយពលរដ្ឋនៅកោះតៃវ៉ាន់ ។ ដូច្នេះពួកគាត់មានមិត្តភក្តិ សាច់ញាតិនៅចិនអាចជួយដល់ការចាក់វ៉ាក់សាំងបានយ៉ាងងាយស្រួល។
ទីក្រុងប៉េកាំង ជាច្រើនលើកបានស្នើបញ្ចូនវ៉ាក់សាំងទៅកាន់កោះតៃវ៉ាន់ ប៉ុន្តែប្រមុខដឹកនាំកោះតៃវ៉ាន់បដិសេធមិនទទួលយក ដោយបារម្ភពីសុវត្ថិភាព និងប្រសិទ្ធភាព៕ដោយ៖ធីរីណា
គិលានុបដ្ឋាយិកាផ្តល់វ៉ាក់សាំង Covid-19 ដល់ប្រជាជននៅកោះតៃវ៉ាន់នៅថ្ងៃទី ២ ខែមិថុនា។ រូបថតៈ AFP ។