បាត់កូនស្រីនិងក្មួយពេលរកឃើញស្លាប់ក្នុងស្រះទឹកទាំង០២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ម្ដាយរវល់បិទតូបលក់អីវ៉ាន់កូននិងក្មួយអាយុទើបតែ០២ឆ្នាំ លង់ទឹកស្រះស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៧និង១០នាទីយប់ថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ  

នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ក្មេងស្រីរងគ្រោះទាំង០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា  ទី១/-ឈ្មោះ ស៊ីណា ណាមឆា ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ភិន ស៊ីណា អាយុ២៩ឆ្នាំ ម្តាយឈ្មោះ ពុន តារា អាយុ២៦ឆ្នាំ និងទី២/-ឈ្មោះ ថាណាយុទ្ធ អាំផៃ ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហឿង ថាណាយុទ្ធ អាយុ៣៨ឆ្នាំ និងម្តាយឈ្មោះពុន ចំប៉ី អាយុ៣១ឆ្នាំ ។ ក្មេងស្រីរងគ្រោះទាំង០២នាក់ បានលង់ទឹកស្រះខាងក្រោយផ្ទះឈ្មោះហឿង ថាណាយុទ្ធនិងឈ្មោះពុន ចំប៉ី (ក្មេងស្រី ឈ្មោះស៊ីណា ណាមឆា ឪពុក ម្តាយ ស្នាក់នៅផ្ទះអ៊ុំ ) ។

ប្រភពដដែលបញ្ជាក់ថា៖តាមការបំភ្លឺពីអាណាព្យាបាលរបស់ក្មេងទាំង០២នាក់ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះបានដើរលេងនៅក្នុងផ្ទះ ហើយពួកគាត់រវល់រៀបចំអីវ៉ាន់បិទតូប ក្រោយពេលរៀបចំបិទតូបរួច ស្រាប់តែបាត់ពួកគេទាំង០២នាក់ ក៏នាំគ្នាដើររកក្នុងផ្ទះអស់ចិត្តតែរកមិនឃើញ បន្ទាប់មកមានការសង្ស័យក៏នាំគ្នាចុះរាវក្នុងទឹកស្រះ ដែលនៅក្រោយផ្ទះចម្ងាយប្រហែល១០ម៉ែត្រ ស្រាប់តែឃើញកូនៗរបស់គាត់ទាំង០២នាក់ លង់ទឹកស្រះស្លាប់បាត់ទៅហើយ។

ករណីនេះដែរលោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ លោកបានអំពាវនាវដល់ឪពុក ម្តាយ និងអាណាព្យាបាលគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ របស់ខ្លួនដែលនៅតូចៗ ពិសេសផ្ទះដែលមានស្រះទឹកឬប្រឡាយទឹកនៅក្បែរ ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ចំពោះកូនចៅរបស់ខ្លួន ហើយរដូវនេះជារដូវវស្សាមានទឹកច្រើន តែយើងខ្វះការប្រុងប្រយ័ត្ននាំឲ្យបាត់បង់កូនចៅជាទីស្រឡាញ់ របស់ខ្លួនតែម្ដង៕

 

...

ដោយ ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print