ខេត្តកណ្តាល៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់ប្រតិបត្តការសឹករងកណ្តាល បានរៀបចំពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី ១៤ ក្រោមអធិតីភាព លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ជាប្រធានកិត្តិយស សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឡើងថ្លែងស្វាគមន៍ និងអានរបាយការណ៍ស្ដីពី សកម្មភាពការងាររបស់ សមាគម អតីតយុទ្ធជនកម្ពុជា។
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអានសារលិខិត របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយបានមានមតិសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនជាអតីតយុទ្ធជនកម្ពុជា និង ក្រុមគ្រួសារ របស់សមាជិក សមាគម អតីតយុទ្ធជនកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី ១៤ ឆ្នាំ២០២១។
ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានសូមអរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណ ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញដល់កម្ពុជា និង ដឹងគុណចំពោះ អតីតយុទ្ធជន ដោយកន្លងមក បានលះបង់ នៅអាយុជីវិត ហ៊ានធ្វើពលីកម្ម តស៊ូគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ ទើបបានធ្វើអោយប្រទេសរបស់យើង ទទួលបាន នូវសុខសន្ដិភាព មានការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃ ។ លោកបានបញ្ជាក់ថា៖ រាល់ស្នាដៃទាំងនេះសរបញ្ជាក់អោយឃើញថា ការខិតខំប្រឹងប្រែង និង ការលះបង់របស់អតីតយុទ្ធជន បានធ្វើអោយកូនចៅជំនាន់ក្រោយ បានទទួលនូវ សុខសន្ដិភាព មានសាលារៀន មានផ្លូវថ្នល់ មានវត្តអារាម មានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសនៅក្នុងខេត្តកណ្តាលរបស់យើង ៕
ដោយ៖ សិលា