ភ្នំពេញ៖ ដោយសារការខ្វះការប្រុងប្រយ័ត្ន បង្កជាគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកុងតឺន័រ មួយគ្រឿងខណៈកំពុងបើកបរបានជ្រុលរេចង្កូត ឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តបុកបង្គោលភ្លើង១ដើម ប៉ុន្តែមិនបណ្ដាលឲ្យមានអ្នកធ្វើដំណើរ ឬតៃកុងរថយន្តរងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចគីឡូម៉ែត្រទី៦ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រទី៦ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បើករថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3D-0274 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចគីឡូម៉ែត្រលេខ៦ ស្រាប់តែរេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើង១ដើមទៀត ទើបរថយន្តអស់ល្បឿន។ ប៉ុន្តែក្នុងហេតុការនេះដែរមិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ គ្រាន់តែខូចខាតសម្ភារ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំង រួចឃាត់តៃកុងរថយន្តកុងតឺន៍រ មកប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦ ដើម្បីទាក់ទងទៅខាងកម្លាំងនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យករថយន្តនិងតៃកុងទៅសាកសួរ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ រ៉ារ៉ា