បុគ្គលិកមជ្ឈមណ្ឌលផ្សារអូរឫស្សីជ្រួលច្របល់ពេលថៅកែបិទអាជីវកម្ម

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកធ្វើការនៅមជ្ឈមណ្ឌល់ផ្សារអូរឫស្សីរាជធានីភ្នំពេញ ប្រមាណជាង៣០នាក់ កំពុងមានភាព​ជ្រួលច្របល់​ បន្ទាប់ពីថៅកែមជ្ឈមណ្ឌលមួយនេះទៅចាក់សោបិទទ្វារឈប់ធ្វើអាជីវកម្មជាបន្តទៀត ដោយ​យកលេសថា រកស៊ីខាតក្នុងមួយខែៗមិនតិចជាង៣ម៉ឺនដុល្លារ។

ការជ្រួលច្របល់របស់បុគ្គលិកមជ្ឈមណ្ឌលផ្សារអូរឫស្សីបានកើតឡើងកាលពីវេលាម៉ោង២និង៣០​នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីតំណាងថៅកែយកសោទៅបិទទ្វារកន្លែងធ្វើអាជីវកម្មផ្នែក​សណ្ឋាគារ ខារ៉ាអូខេ ម៉ាស្សា និងភោជនីយដ្ឋាន ដោយមិនបានប្រាប់ដំណឹងជាមុន។

បុគ្គលិកមជ្ឈមណ្ឌលផ្សារអូរឫស្សី​មួយរូបដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌល​មួយនេះគ្រប់គ្រងដោយឧកញ៉ា លឹម ហេង ដែលបច្ចុប្បន្នកំពុងបើកកាស៊ីណូនៅអូរស្មាច់ខេត្តឧត្តរមានជ័យ ហើយបានខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់អស់រយៈពេលច្រើនឆ្នាំមកហើយ បន្ទាប់ពីរាជរដ្ឋាភិបាល​បិទការធ្វើអាជីវកម្មកាស៊ីណូកណ្ដាលរាជធានីភ្នំពេញ។ ចាប់ពីពេលនោះមកមានបុគ្គលិកជាច្រើនបានបាត់​បង់ការងារធ្វើ ហើយនៅសល់តែបុគ្គលិកប្រមាណជាង៣០នាក់ប៉ុណ្ណោះ កំពុងនៅបម្រើការងារជាប្រចាំ ដូចជា ផ្នែកសន្តិសុខ សណ្ឋាគារ ម៉ាស្សា ខារ៉ាអូខេ និងភោជនីយដ្ឋានជាដើម ។ តែឥឡូវនេះតំណាងក្រុម​ហ៊ុនបានប្រាប់ថា ដំណើរអាជីវកម្មដែលនៅសេសសល់នេះខាតបង់ថវិកាក្នុងមួយខែៗមិនតិចជាង៣ម៉ឺនទៅ​៤ម៉ឺនដុល្លារនោះឡើយ ដោយហេតុនេះហើយទើបក្រុមហ៊ុនសម្រេចចិត្តបិទទ្វារជាបណ្ដោះអាសន្ននិងបាន​ទុកលទ្ធភាពឲ្យបុគ្គលិកទាំងអស់ទៅបម្រើការងារនៅកាស៊ីណូជាប់ព្រុំដែនថៃឯណោះវិញ។

ចំពោះការបិទធ្វើអាជីវកម្មរបស់មជ្ឈមណ្ឌលផ្សារអូរឫស្សីយ៉ាងតក់ក្រហល់នេះធ្វើឲ្យបុគ្គលិកទាំងអស់​មានការជ្រួលច្របល់អំពីប្រាក់ខែដែលធ្វើកន្លងមកមិនទាន់បើកនៅឡើយរួមជាមួយនិងការដោះស្រាយប្រាក់​ឧបត្ថម្ភប្រចាំឆ្នាំសម្រាប់អ្នកធ្វើការច្រើនឆ្នាំបែបណានោះទេ?

នារីជាបុគ្គលិកផ្នែកសណ្ឋាគារម្នាក់បាននិយាយឲ្យដឹងថា ក្រុមហ៊ុនបិទធ្វើអាជីវកម្មក៏បិទចុះ ប៉ុន្តែកុំ​ភ្លេចបើកប្រាក់ខែឬប្រាក់បំណាច់ឆ្នាំដែលបុគ្គលិកម្នាក់ៗធ្វើការច្រើនឆ្នាំមកហើយនោះឲ្យសោះ ហើយបើពុំ​មានដោះស្រាយគោលនយោបាយខាងលើទេពួកគាត់និងធ្វើបាតុកម្មទាមទារប្រាក់បំណាច់តាមគោលការណ៍ច្បាប់ការងារ ក៏ដូចសុំឲ្យប្រមុខរាជរដ្ឋាភិបាលដោះស្រាយរឿងនេះដល់ពួកគាត់មិនខាន។ ចំពោះតម្រូវ​ឲ្យបុគ្គលិកទៅធ្វើការបន្តនៅកាស៊ីណូព្រំដែនថៃនោះ ពួកយើងខ្ញុំមួយចំនួនមានគ្រួសារនៅភ្នំពេញ មួយចំនួន​កំពុងជាប់ការសិក្សា ដែលមិនអាចទៅបម្រើការងារនៅទីនោះបានឡើយ។

ពាក់ព័ន្ធនិងការបិទអាជីវកម្មមជ្ឈមណ្ឌលផ្សារអូរឫស្សីយ៉ាងតក់ក្រហល់នេះដែរ «នគរដ្រេហ្គន» មិនអាចសុំ​ការបំភ្លឺពីលោកឧកញ៉ា លឹម ហេង បានទេកាលពីរសៀលថ្ងៃទី១៧ ខែមីនា នេះ៕ ប្រាថ្នា

IMG_5126

...

IMG_5159

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print