ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នាំយកបច្ច័យ និង ក្តាមឈូសចំនួន ០៤ ជាការចូលរួមរំលែកមរណទុក្ខរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋរងគ្រោះចំនួន ០៤នាក់ ដែលបានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះអគ្គីភ័យ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៤:០០នាទី ស្ថិនៅផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ស្ថិតក្នុងស្ថានភាពដ៏សោកសង្រេងនេះ លោកអភិបាល បានប្រគល់ថវិកាចំនួន ១លានរៀល និងក្តាមឈូសចំនួន០៤ សរុបថវិកាចំនួន ៧លានរៀល ជូនដល់គ្រួសារសពនីមួយៗ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្រុមគ្រួសារសពទាំង៤ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងរកអ្វីមកប្រៀបមិនបានចំពោះទឹកចិត្ត សណ្តោសដ៏ប្រណី របស់ លោក អភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌដូនពេញ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបទុក្ខលំបាក និងសូមជូនពរ លោក និង ក្រុមការងារ ទទួលបានសុខភាពល្អ ជៀសផុតពីជម្ងឺទាំងពួង ៕
ដោយ៖ សិលា