ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១៖ ក្រុមហ៊ុន Facebook និងអង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា បានដាក់ដំណើរការយុទ្ធនាការមួយដើម្បីអប់រំសាធារណៈជនអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយការចែករំលែករូបភាព ឬវីដេអូរំលោភរំពានផ្លូវភេទកុមារ និងរបៀបរាយការណ៍មាតិកាប្រភេទនេះទៅកាន់មន្ត្រីអនុវត្តច្បាប់ និងក្រុមហ៊ុន Facebook។
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Facebook បានពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញល្បីៗលំដាប់ពិភពលោកខាងផ្នែកកេងប្រវ័ញ្ចកុមារ រួមទាំងមជ្ឈមណ្ឌលជាតិទទួលបន្ទុកកុមារដែលបាត់ខ្លួននិងត្រូវបានគេកេងប្រវ័ញ្ច (NCMEC) និងអ្នកស្រីសាស្រ្តាចារ្យ Ethel Quayle ដែលជាអ្នកជំនាញផ្នែកចិត្តវិជ្ជាដ៏ល្បីឈ្មោះមួយរូបក្នុងពិភពលោក ដែលមានជំនាញខាងផ្នែកអ្នករំលោភបំពានផ្លូវភេទ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ក្រុមហ៊ុនអំពីថាតើហេតុអ្វីបានជាមនុស្សចែករំលែកមាតិកាបែបកេងប្រវ័ញ្ចកុមារ។
មកដល់ពេលបច្ចុប្បន្ននេះ ការស្រាវជ្រាវជាច្រើនអំពីថាតើហេតុអ្វីបានជាមនុស្សចូលរួមពាក់ព័ន្ធនឹងសម្ភាររំលោភបំពានផ្លូវភេទកុមារ មានការពាក់ព័ន្ធនឹងការវាយតម្លៃលើកត្តាផ្លូវចិត្តរបស់មនុស្ស។ ទោះជាយ៉ាងណា ការស្រាវជ្រាវរបស់ក្រុមហ៊ុន Facebook មើលទៅលើឥរិយាបថដែលកើតមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់នៅលើផ្លែតហ្វមនានារបស់ក្រុមហ៊ុន Facebook។
ក្រុមអ្នកស្រាវជ្រាវបានវាយតម្លៃគណនីចំនួន ១៥០ ដែលក្រុមហ៊ុន Facebook បានរាយការណ៍ទៅកាន់មជ្ឈមណ្ឌល NCMEC ដោយសារការទាញចូល (upload) មាតិកាបែបកេងប្រវ័ញ្ចកុមារនៅចន្លោះពីខែកក្កដានិងខែសីហា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ និងបានរកឃើញថា ជាង ៧៥% មិនបានបង្ហាញចេតនាព្យាបាទទេ (មិនមានបំណងធ្វើបាបកុមារ)។ ជំនួសមកវិញ គណនីទាំងនេះទំនងជាចែកចំលែកមាតិកានេះដោយសារហេតុផលផ្សេងដូចជាការខឹងសម្បារ ឬការលេងសើចមិនត្រឹមត្រូវជាដើម។
ក្រុមហ៊ុន Facebook រាយការណ៍ពីករណីកើតឡើងនីមួយៗនៃមាតិកាបែបកេងប្រវ័ញ្ចកុមារទៅ កាន់មជ្ឈមណ្ឌល NCMEC រួមទាំងមាតិកាដែលក្រុមហ៊ុនបានឃើញនិងបានដកចេញដោយ ប្រើប្រាស់បច្ចេកវិទ្យា មុនពេលមានអ្នកណាម្នាក់មើលឃើញមាតិកានោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook។ ការសិក្សានេះក៏បានរកឃើញផងដែរថាភាគច្រើននៃការ រាយការណ៍ដែលក្រុមហ៊ុន Facebook បានបញ្ចូលទៅកាន់មជ្ឈមណ្ឌល NCMEC មានមាតិកាដូចគ្នាឬប្រហាក់ប្រហែលគ្នា។ ៩០% នៃរូបភាពឬវីដេអូអំពីការរំលោភ បំពានផ្លូវភេទកុមារដែលត្រូវបានវិភាគនៅក្នុងការសិក្សានេះ ត្រូវបានរកឃើញថា បានចម្លងយកមកប្រើប្រាស់បន្ត មិនមែនមាតិកាប្លែកពីគេ ឬថ្មីឡើយ។
លើសពីនេះទៀត គ្រាន់តែបណ្តាញផ្សព្វផ្សាយព័ត៌មានចំនួន ៦ ចេញផ្សាយជាងពាក់ កណ្តាលនៃមាតិកាបែបកេងប្រវ័ញ្ចកុមារ ដែលក្រុមហ៊ុន Facebook បានរាយការណ៍ទៅកាន់មជ្ឈមណ្ឌល NCMEC ក្នុងអំឡុងពេលដូចគ្នានេះ។
ផ្អែកលើការវិភាគនេះ ក្រុមហ៊ុនបានបង្កើតយុទ្ធនាការនេះឡើងរួមគ្នាជាមួយនឹងដៃគូនានាដែលធ្វើការងារលើសុវត្ថិភាពកុមារ ដើម្បីជួយកាត់បន្ថយការកើតមានឡើងនូវមាតិកាបែបកេងប្រវ័ញ្ចកុមារ ដែលត្រូវបានគេចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook។
អ្នកនាង Malina Enlund ប្រធានផ្នែកគោលនយោបាយសុវត្ថិភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Facebook បានថ្លែងថា៖ “បើទោះជាទិន្នន័យនេះបង្ហាញថា ចំនួនមាតិកាមិន ស្មើគ្នានឹងចំនួនជនរងគ្រោះក្តី ក៏ជនរងគ្រោះតែម្នាក់ក៏មានន័យថាច្រើនដែរ។ ការបង្ការ និងការលុបបំបាត់ការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទកុមារតាមអនឡាញ តម្រូវឱ្យមានវិធីសាស្រ្តឆ្លងឧស្សាហកម្មមួយ ហើយក្រុមហ៊ុន Facebook ប្តេជ្ញាចិត្តចំពោះការធ្វើការងាររបស់យើងដើម្បីការងារកុមារទាំងនៅក្នុងនិងក្រៅកម្មវិធីបណ្តាញសង្គមនានា (Apps) របស់យើង។ យើងកំពុងជ្រើសយកវិធីសាស្រ្តផ្អែកលើការស្រាវជ្រាវ ដើម្បីបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដែលរារាំងដល់ការចែករំលែកសម្ភារកេងប្រវ័ញ្ចកុមារ”។
លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការ APLE បានថ្លែងថា៖ “យើង មានក្តីរីករាយយ៉ាងខ្លាំងដែលបានធ្វើការងារជាមួយក្រុមហ៊ុន Facebook ដើម្បីដាក់ដំណើរការយុទ្ធនាការនេះ ដែលនឹងអាចឱ្យមានការយល់ដឹងកាន់តែប្រសើរអំពីថា តើការចែករំលែករូបភាពឬវីដេអូរំលោភបំពានផ្លូវភេទកុមារតាមអនឡាញមានផលប៉ះពាល់ខ្លាំងដល់កុមារដែលត្រូវបានបង្ហាញក្នុងមាតិកានោះកម្រិតណា និងថា តើមនុស្សពេញវ័យ អាចធ្វើអ្វីបានដើម្បីទប់ស្កាត់ការចែកចាយរូបភាពរំលោភបំពានកុមារទាំងនេះ។ យើងអំពាវនាវជាបន្ទាន់ទៅកាន់សាធារណៈជនឱ្យចូលរួមគាំទ្រដល់ការបង្ការការរំលោភបំពានផ្លូវភេទកុមារតាមអនឡាញតាមរយៈការចែករំលែកវីដេអូរយុទ្ធនាការនេះ និងរាយការណ៍អំពីបទល្មើស”។
លោកបានបន្ថែមថា យើងទទួលបានការគាំទ្រពីដៃគូនានាក្នុងរដ្ឋាភិបាល រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលជួយផ្សព្វផ្សាយអំពីយុទ្ធនាការនេះតាមបណ្តាញដ៏ទូលំទូលាយរបស់ពួកគេនៅទូទាំងប្រទេស។
រាយការណ៍វា កុំចែករំលែកវា
អ្នកអាចជួយកុមារបានតាមរយៈការរាយការណ៍មាតិកាបែបកេងប្រវ័ញ្ចកុមារ។ ប្រសិនបើកុមារម្នាក់ស្ថិតក្នុងហានិភ័យ ចូរទូរស័ព្ទ និងរាយការណ៍ករណីនេះទៅកាន់នគរបាលតាមរយៈលេខទូរស័ព្ទសង្គ្រោះបន្ទាន់ ១២៨៨ ឬទូរស័ព្ទទៅកាន់អង្គការ APLE ដែលមានលេខ ០៩២ ៣១១ ៥១១ (២៤ម៉ោងក្នុងមួយសប្តាហ៍)។ ប្រសិនបើអ្នកឃើញរូបភាពបែបរំលោភបំពានកុមារនៅលើបណ្តាញសង្គម Facebook ចូររាយការណ៍រូបថតឬវីដេអូនោះទៅកាន់ក្រុមហ៊ុន Facebook និងមន្ត្រីអនុវត្តច្បាប់។ ចូរកុំចែករំលែក ទាញយក ឬបញ្ចេញមតិយោបល់នៅលើមាតិកានោះ។ អ្នកអាចមានទោសពីបទឧក្រិដ្ឋចំពោះការចែករំលែក ឬផ្ញើសារដែលមានរូបថត និងវីដេអូបែបរំលោភបំពានផ្លូវភេទនិងកេងប្រវ័ញ្ចកុមារ។ អ្នកនឹងមិនត្រូវបានស្នើសុំឱ្យផ្តល់សេចក្តីចម្លងនៃមាតិកានេះនៅក្នុងការរាយការណ៍ណាមួយដែលអ្នកដាក់ជូនទៅកាន់ក្រុមហ៊ុន Facebook ទេ៕
https://youtu.be/sL93faAVoeM