ក្រុងប៉ោយប៉ែត ៖ ដោយអនុវត្តន៍បទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានរៀបចំការយកសំណាកធ្វើតេស្ដរហ័ស (Rapid test) ដល់នាយទាហាន នាយទាហានរង និងពលទាហាន មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងកម្លាំងដែលកំពុងឈរជើងតាមគោលដៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតចំនួន៩៨នាក់ ក្នុងនោះនារី០២នាក់ផងដែរ ដើម្បីរកមេរោគកូវីដ-១៩ ។
ការធ្វើតេស្តយកសំណាកនេះធ្វើឡើងដោយក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត ជាលទ្ធផលវិជ្ជមានចំនួន០២នាក់ ហើយត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលប៉ារ៉ាម៉ា ស្ថិតក្នុងក្រុងប៉ោយប៉ែត។
ក្រោយពីបញ្ចប់ការធ្វើតេស្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំងដែលអវិជ្ជមានទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕
ដោយ, សហការី