ខេត្តបាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានធ្វើការបង្ក្រាបករណីចោរលួចម៉ូតូ ១គ្រឿង និងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចក្រុមទី៤ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងនាវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។
មន្ត្រីនគរបាល ស្រុកមោងឫស្សី បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រុំ សុធា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ គាម ថូយ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ប្រភពដដែលបានបន្តថា ជនសង្ស័យបានចូលធ្វើសកម្មភាពចូលលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៨ ស្លាកលេខបាត់ដំបង 1D-2664 លេខម៉ាស៊ីនND125ME-8290841 ជារបស់ជនរងគ្រោះ ដែលបានបញ្ឈរទុកនៅមុខផ្ទះរួចម្ចាស់ចូលទៅសំរាកក្នុងផ្ទះ។លុះ បានមួយសន្ទុះស្រាប់តែម្ចាស់ឮសំឡេងបញ្ឆេះម៉ូតូក៏ក្រោកមើលតាមបង្អួចឃើញជនសង្ស័យឈ្មោះ ព្រុំ សុធា កំពុងជិះម៉ូតូរបស់គាត់ចេញសំដៅទៅផ្លូវជាតិ។ពេលឃើញដូចនេះជនរងគ្រោះក៏រត់ចេញមកក្រៅដេញចាប់ជនសង្ស័យបានភ្លាមៗ រួចរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូចទៅទទួលយកជនសង្ស័យតែម្ដង។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច បានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រុំ សុធា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាធានីភ្នំពេញ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី។ជនសង្ស័យសារភាពថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពលួចម៉ូតូនៅរាជធានីភ្នំពេញច្រើនលើកមកហើយ តែមួយរយ:ក្រោយនេះលួចលែងបានក៏បែកគំនិតមកលួចនៅស្រុកមោងឫស្សីម្តង។ អីលូវលួចបានតែម្តងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់រួចហើយ៕