ចិនបានប្រារព្ធខួប១០០ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនិស្តចិន ដែលរៀបចំឡើងនៅទីលាន ធៀនអានម៉ែននៅព្រឹកថ្ងៃទី១ខែកក្កដា ដោយមានការចូលរួមពីប្រធានាធិបតីចិនស៊ីជីនពីង។
ក្នុងពិធីនោះមានឧទ្ធម្ភាគចក្ររហូតដល់ទៅ៣០ គ្រឿងហោះហើររៀបជាលេខ១០០នៅលើដែនអាកាស ជាគម្រាប់ខួប១០០ឆ្នាំ ក្រោមការស្រែវហ៊ូ គាំទ្រពីពលរដ្ឋ នៅទីលានធៀនអានម៉ែន ក្នុងទីក្រុងប៉េកាំង។
ប្រធានាធិបតីចិន លោកស៊ីជិនពីង បានថ្លែងសុន្តរកថា ដ៏សំខាន់ នៅទីលានធៀនអានម៉ែន ក្រោមការការពារសន្តិសុខយ៉ាងតឹងតែងបំផុត។ ប្រធានាធិបតីស៊ីជីនពីង បានបញ្ជាក់ថា« យើងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចាប់ជំរិត ឬគំរាមកំហែងចិនជាដាច់ខាត។ ចិន មានរនាំងការពារយ៉ាងរឹងមាំដោយពលរដ្ឋជាង១,៤ពាន់លាននាក់។ យើងគឺជាអ្នកធ្វើឲ្យប្រទេសជាតិកាន់តែរឹងមាំនិងខ្លាំងក្លា …»។
ប្រធានាធិបតីចិនបានបន្តទៀតថា« ក្នុងឱកាសនេះ ខ្ញុំសូមដំណាងឲ្យបក្សនិងប្រជាជនចិនប្រកាសថា ជាមួយនឹងការខិតខំអត់ឈប់ឈរ របស់បក្សនិងប្រជាជន យើងសម្រេចបានជោគជ័យគោលដៅសតវត្សរ៍ លើកដំបូង ហើយកសាងសង្គមកាន់តែរីកចំរើនលើគ្រប់វិស័យ។ យើងបានអនុវត្តដំណោះស្រាយប្រវត្តិសាស្ត្រលើការលុបបំបាត់ភាពក្រីក្រ នៅក្នុងប្រទេសចិន ហើយយើងបានឆ្ពោះទៅកាន់គោលដៅ ក្នុងសតវត្សរ៍ទីពីរ គឺធ្វើឲ្យចិនក្លាយទៅជាសង្គម រីកចំរើនស៊ីវីល័យ»។
ប្រធានាធិបតីចិនបញ្ជាក់ទៀតថា ប្រទេសខ្លាំងគឺត្រូវតែមានកម្លាំងទាហានខ្លាំង ធានាដល់សន្តិសុខជាតិ ទប់ស្កាត់រាល់ការគំរាមកំហែងពីសត្រូវ។ កម្លាំងទាហានជាសសរគ្រឹះដ៏រឹងមាំការពារប្រទេសជាតិនិងសមត្ថផលរបស់ចិនដែលទទួលបាន។
បក្សកុម្មនុយនិស្តចិនបានបង្កើតឡើងនៅឆ្នាំ ១៩២១ ហើយឡើងកាន់អំណាចដឹកនាំប្រទេសនៅឆ្នាំ១៩៤៩ ក្រោមការដឹកនាំរបស់អគ្គលេខាធិការបក្ស និងជាប្រធានាធិបតី ម៉ៅសេតុង ។ បច្ចុប្បន្នចិន មានសមាជិកបក្សរហូតដល់ទៅ៩៥លាននាក់ ដោយនៅក្នុងឆ្នាំ២០២០ បានកើនឡើង ២,៤៣លាននាក់៕ដោយ៖ធីរីណា
យន្តហោះលេខ ១០០ ក្នុងពិធីអបអរសាទរការបង្កើតបក្សកុម្មុយនិស្តចិន។ រូបថតៈ AFP ។