អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១ខែកក្កដា បានព្រមានថា ការប្រកួតបាល់ទាត់យូរ៉ូ ជាមួយនឹងការធ្វើដំណើររបស់ពលរដ្ឋប្រទេសជាច្រើននៅក្នុងរដូវក្តៅនេះ មិនខុសអ្វីពីការចែកចាយកូវីដបំប្លែងខ្លួនថ្មី Delta នៅទូទាំងសហគមន៍អឺរ៉ុបនោះឡើយ ។ រយៈពេល១០សប្តាហ៍ចុងក្រោយនេះអឺរ៉ុបមានករណីឆ្លងធ្លាក់ចុះ ប៉ុន្តែ ពេលនេះបានកើនឡើងខ្ពស់ជាថ្មី។
តាមតួលេខពីការិយាល័យរបស់អង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុប ដែលបានប្រកាសនៅថ្ងៃទី១ខែកក្កដា គឺចំនួនអ្នកឆ្លងកូវីដ -១៩នៅអឺរ៉ុបបានកើនឡើងដល់ទៅ ១០%ក្នុងរយៈពេល១ខែកន្លងមក ដែលជាការបញ្ចប់រយៈពេលជាង២ខែធ្លាក់ចុះចំនួនអ្នកឆ្លងកូវីដ-១៩ ។
មូលហេតុដែលបណ្តាលឲ្យមានករណីឆ្លងកើនឡើងខ្ពស់នេះត្រូវបានអង្គការសុខភាពពិភពលោកបញ្ជាក់ថា គឺមកការប្រកួតបាល់ទាត់យូរ៉ូ ដែលកំពុងតែប្រកួតនៅទីក្រុងជាច្រើនក្នុងតំបន់អឺរ៉ុប ។ ក្រុមអ្នកគាំទ្របានជួបជុំគ្នា ទស្សនាការប្រកួតដោយមិនគោរពវិធានការនៃការទប់ស្កាត់កូវីដ-១៩ឡើយ។
លោកស្រី Catherine Smallwood មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកបានលើកឡើងថា ការឆ្លងកូវីដ-១៩ជាថ្មីនៅអឺរ៉ុប ត្រូវបានព្រមានតាំងពីពេលមុនការប្រកួតយូរ៉ូទៅទៀត ។
លោកស្រីបន្តទៀតថា «យើងមើលនៅជុំវិញពហុកីឡដ្ឋាន តើអ្នកគាំទ្រមានការជួបជុំគ្នាប៉ុនណា ។ យើងបានព្រមានជាមុនហើយថា បើមានការជួបជុំគ្នាច្រើនអាចនឹងមានករណីឆ្លងកូវីដ-១៩ផ្ទុះឡើងខ្លាំងសាជាថ្មី »។
តាមការប្រកាសរបស់អង្គការសុខភាពពិភពលោកនៅមុនការប្រកួតបាល៉ទាត់យូរ៉ូប្រទេសតំបន់អឺរ៉ុប មានករណីឆ្លងកូវីដ-១៩ធ្លាក់ចុះ ។ នៅថ្ងៃទី១ខែកក្កដា អង់គ្លេសក៏បានរកឃើញករណីឆ្លងកូវិីដ-១៩ រហូតដល់ទៅ28.000នាក់ កើន៧២% ក្នុងរយៈពេល១សប្តាហ៍កន្លងមក។ ក្រៅពីអង់គ្លេសក៏មានប្រទេសជាច្រើនទៀតមានករណីឆ្លងកូវីដ- ១៩កើនឡើងខ្ពស់ផងដែរ៕ ដោយ៖ធីរីណា