ភ្នំពេញ, ផ្សារអូឡាំពិច បានបិទខ្ទប់ទាំងស្រុងនាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោយពីបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៨នាក់ ក្នុងនោះមានសន្តិសុខផ្សារចំនួន១៤នាក់ និងគណកម្មការផ្សារចំនួន៤នាក់។ នេះបើយោងតាមមន្ត្រីបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិច។
បើតាមការបញ្ជាក់ពីអាជ្ញាធរ អ្នកទាំង១៨នាក់នេះ បានយកសំណាកកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ អ្នកទាំងនោះត្រូវបានយកទៅធ្វើចត្តាឡីស័កតាមមណ្ឌមចត្តាឡីស័កផងដែរ។
ទន្ទឹមនឹងនេះ អាជ្ញាធរបានប្រកាសឱ្យអាជីវករទាំងអស់នៅក្នុងផ្សារអូឡាំពិចទាំងអស់ ទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រែ។
សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះគណៈកម្មការផ្សារអូឡាំពិច បានប្រកាសបិទផ្សារភ្លាមៗ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អាជីវករលក់ដូរ ដោយបានសំរុកបិទតូបយ៉ាងប្រញាប់ប្រញាល់ ចំណែកអាជីវករខ្លះបានដឹកអីវ៉ាន់យ៉ាងលឿនសំដៅទៅផ្ទះរៀងៗខ្លួន។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៩៦៦នាក់ទៀត ជាសះស្បើយ នាក់ ៦៥០និងស្លាប់ ៣២នាក់៖
– ករណីឆ្លងសហគមន៍ ៧៧៤នាក់
– អ្នកដំណើរពីបរទេស ១៩២នាក់
គិតត្រឹមព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 52,350 នាក់
– អ្នកជាសះស្បើយ= 45,508 នាក់
– អ្នកស្លាប់= 660 នាក់ ៕
ដោយ, សិលា