យន្តហោះBoeing 737 ដឹកទំនិញមួយគ្រឿងបានធ្លាក់ចូលសមុទ្របណ្តាលឱ្យបែកខ្ទេច ។ មុនពេលជួបគ្រោះថ្នាក់អាកាសយានិកក៏បានផ្តល់ព័ត៌មានដល់ទីបញ្ជាការហោះហើរដែរដើម្បីស្នើសុំជំនួយ។
ជើងហោះហើរលេខ ៨១០ ដឹកទំនិញ បានចាកចេញពីតំបន់ Honolulu នៅវេលាម៉ោង១និង ៤០នាទីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២ខែកក្កដា ឆ្ពោះទៅកាន់ តំបន់ Kahului កោះហាវ៉ៃ។ ក្រោយហោះហើរមិនយូរប៉ុន្មាន យន្តហោះក៏ជួបបញ្ហាដាំក្បាលចូលដែនសមុទ្រ Oahu ។ មុនពេលធ្លាក់ អាកាសយានិកបានផ្តល់ព័ត៌មានទៅកាន់ទីបញ្ជាការ ហោះហើរឲ្យជួយ។ ក្នុងពេលនោះ បុគ្គលិកគ្រប់គ្រងការហោះហើរបានស្នើឲ្យហោះខ្ពស់ជាងនេះ ប៉ុន្តែអាកាសយានិកនិយាយថាមិនអាចហោះឡើងបានឡើយ ។
ក្នុងពេលជួបគ្រោះថ្នាក់អាកាសយានិកទាំងពីរនាក់បានរងរបួសធ្ងន់ ។ ឧទ្ធម្ភាគចក្រនិងក្រុមជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុ ដោយរកឃើញបំបែក និងប្រេងហៀរលើផ្ទៃសមុទ្រ ។ រយៈពេល៥នាទីក្រោយការធ្លាក់ យន្តហោះបានលិចចូលក្នុងសមុទ្រ។ អាកាសយានិកពីរនាក់ គឺម្នាក់បានតោងកន្ទុយយន្តហោះ និងម្នាក់ទៀតតោងកេសទំនិញ ។អាកាសយានិកត្រូវបានស្រង់ចេញពីទឹកដោយសុវត្ថិភាព ក្នុងសភាពរបួសធ្ងន់។
នាយកដ្ឋានអាកាសចរណ៍សហរដ្ឋអាមេរិក FAA បានប្រកាសឱ្យដឹងថា អាកាសយានិកជើងហោះហើរលេខ៨១០ បានផ្តល់ព័ត៌មានថាម៉ាស៊ីនខូច ហើយស្នើចុះចតជាបន្ទាន់ ដោយត្រូវបង្ខំចិត្តចុះចតលើសមុទ្រ ។ FAA បានបញ្ជូនក្រុមជំនាញ១០នាក់ទៅស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើ៕ដោយ៖ធីរីណា
យន្តហោះដឹកទំនិញប្រភេទ Transair Boeing 737 ដែលមានប្រភេទដូចគ្នានឹងយន្ដហោះដែលបានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិដានីយ៉ែលអ៊ិនយូយក្នុងទីក្រុងហូណូលូលូរដ្ឋហាវ៉ៃនៅព្រឹកថ្ងៃទី ២ ខែកក្កដា។ រូបថតៈ Eugene Tanner / AFP / Getty ។