ភ្នំពេញ៖ បន្ទាប់ពីផ្អើលរឿងតារាសម្តែងលោក ព្រីន រកឃើញវិជ្ជមានជំងឺកូវីដ-១៩រួចមក ពេលនេះត្រូវបានក្រុមអ្នកសិល្បៈទម្លាយឱ្យដឹងទៀតថា កញ្ញា រចនា រ៉ាវឌី ដែលជាដៃគូសម្តែងនោះក៏មានវិជ្ជមានជំងឺកូវីដ-១៩ដែរ។
មានការលើកឡើងថា រចនា រ៉ាវឌី ត្រូវបានរថយន្តពេទ្យមកទទួលនាងពីផ្ទះមួយនៅតំបន់ច្បារអំពៅកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ជាទីកន្លែងដែលនាងនិងក្រុមការងារផលិតខ្សែភាពយន្តត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនោះ។
តារាសម្តែង ព្រីន និងកញ្ញា រចនា រ៉ាវឌី គឺជាតារាសម្តែងកុងត្រាសម្រាប់ផលិតកម្មសាស្ត្រាហ្វីម ដែលអ្នកទាំងពីរបានសម្តែងរួមគ្នាជាច្រើនរឿង ភាគច្រើនជាខ្សែភាពយន្តភាគ និងខ្សែភាពយន្តបែបអប់រំ។ គេចាំបានដែរថា កន្លងទៅមានការលេចចេញដំណឹងថា មានបុគ្គលិកបច្ចេកទេសម្នាក់របស់ផលិតកម្មសាស្ត្រា ហ្វីម ធ្លាប់បានលេចឮកាលពីពេលកន្លងទៅ ប៉ុន្តែត្រូវបានស្ងប់ស្ងាត់ទៅវិញក្រោយពីក្រុមការងារផលិតនិងសិល្បករខ្លះត្រូវបានគេដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងលំនៅឋានមួយនាតំបន់ច្បារអំពៅ ដែលក្នុងនោះក៏មានទាំងតារាសម្តែង ព្រីន និងកញ្ញា រចនា រ៉ាវឌីដែរ ហើយពេលនេះលទ្ធផលបានបញ្ចេញហើយគឺមានក្រុមការងារ និងសិល្បករមួយចំនួនត្រូវបានរកឃើញវិជ្ជមានជំងឺនេះ។ មានការលើកឡើងដែរថា តារាសម្តែង រចនា រ៉ាវឌី ត្រូវបានរថយន្តពេទ្យមកទទួលហើយនៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ បន្ទាប់ពីមកដឹកតារាសម្តែងព្រីន កាលពីយប់មិញ។ ទោះជាយ៉ាងណាគេនៅមិនដឹងនៅឡើយទេថា តើមានបុគ្គលិក និងសិល្បករប៉ុន្មាននាក់ផ្សេងទៀតដែលត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ខណៈដែលរហូតមកដល់ពេលនេះមានតែតារាសម្តែងព្រីនម្នាក់ប៉ុណ្ណោះដែលត្រូវបានប្រកាសថាបានរកឃើញវិជ្ជមានជំងឺនេះ។ គេដឹងដែរថា ក្រុមការងារផលិតខ្សែភាពយន្តនីមួយមានគ្នាមិនក្រោម១០នាក់នោះទេ ប៉ុន្តែការធ្វើចត្តាឡីស័កភ្លាមៗសម្រាប់អ្នកពាក់ព័ន្ធគឺជារឿងដែលល្អបញ្ចៀសការចម្លងបន្ត។ គេនៅមិនទាន់ដឹងនៅឡើយដែរថាតើតារាសម្តែងល្បីឈ្មោះទាំងពីររូបត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលណាមួយនៅឡើយទេ ខណៈដែលលោកព្រីនបានបញ្ជាក់មុននេះថា លោកបានបញ្ចប់ការចាក់វ៉ាក់សាំងលើកទី២រួចរាល់ហើយដែរ ហើយលោកក៏ទទួលបានសារលើកទឹកចិត្ត ពីក្រុមអ្នកគាំទ្រថែមទៀតផង ហើយស្ថានភាពសុខភាពរបស់លោកក៏ធម្មតាមិនមានអ្វីដែលធ្ងន់ធ្ងរនោះដែរ៕