ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ លោកលឹម គានហោ រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ពីសកម្មភាពក្រុមការងារមន្ទីរធនធានទឹកខេត្តបាត់ដំបង អន្តរាគមន៍បូមទឹកសង្រ្គោះស្រូវវស្សាជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះទឹកបង្កបង្កើនផលស្រូវស្រែនិងផលដំណាំនោះ។
លោកចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា តាមពិតការជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវនិងផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកនរិន្ទ ស្រុកសង្កែ ខេត្តបាត់ដំបងនេះ គឺក្រុមការងារបានយកចិត្តទុកដាក់ បូមទឹកពីស្ទឹងសង្កែដាក់ចូលប្រឡាយមេព្រែកនរិន្ទ តាំងពីថ្ងៃទីម្សិលមិញមកម្លេះ ប៉ុន្តែលោករដ្ឋមន្ត្រី តែងមានកង្វល់ ពីផលលំបាករបស់ប្រជាពលរដ្ឋខ្លាចក្រែងខ្វះទឹកធ្វើស្រែ និងបង្កបង្កើនផលទើបនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ លោកចុះមកពីនិត្យដោយផ្ទាល់ឃើញថា សកម្មភាពបូមទឹកសង្រ្គោះស្រូវ និងដំណាំរបស់ប្រជាពលរដ្ឋនៅទីនោះ ទទួលបានលទ្ធផលនាំទឹកទៅស្រោចស្រូវស្រពគ្រប់់តម្រូវការ។ លោកចាន់ យុត្ថា បានបន្តថា ប្រជាពលរដ្ឋចំនួន១០ភូមិក្នុងឃុំព្រែកនរិន្ទ ពេលនេះមានទឹកប្រើប្រាស់គ្រប់ចំនួនបន្ទាប់ពីក្រុមការងារបានបូមទឹក ពីស្ទឹងសង្កែដាក់ចូលប្រឡាយមេព្រែកនរិន្ទនោះ។
ក្នុងសកម្មភាពលោករដ្ឋមន្ត្រីចុះពិនិត្យការអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវនេះផងដែរ លោកមេឃុំព្រែកនរិន្ទ ក៏បានសំណូមពរដល់លោករដ្ឋមន្រ្ដីដើម្បីបាន ការសាងសង់ស្ថានីយ៍បូមទឹក ចំនួន១កន្លែងដូចជាស្ថានីយ៍បូមទឹកហ៊ុនសែនទី៤៧ នៅឃុំវត្តតាមឹម ដើម្បីជាមធ្យោបាយជួយនាំទឹក ចែគជូនប្រជាពលរដ្ឋធ្វើស្រែចម្ការ។ លោកមេឃុំព្រែកនរិន្ទ បានបញ្ជាក់ជូនលោករដ្ឋមន្រ្ដីថា ថវការរបស់ឃុំ គឺមានចំនួនត្រឹមតែ១ម៉ឺន៥ពាន់ដុល្លារប៉ុណ្ណោះ ដូច្នេះសុំឲ្យុលោករដ្ឋមន្រ្ដីជួយបំពេញបន្ថែម ដើម្បីឲ្យឃុំព្រែកនរិន្ទទទួលបានស្ថានីយបូមទឹកដូចជាកន្លែងដទៃទៀត។
លោកចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ដោយយល់ឃើញថា លោកមេឃុំព្រែកនរិន្ទ ស្នើសុំសាងស្ថានីយបូមទឹក ដើម្បីគិតគូរដល់ប្រជាពលរដ្ឋសម្រាប់ការបង្កបង្កើនផល ស្រូវដំណាំដោះស្រាយជីវភាព លោករដ្ឋមន្រ្ដីក៏បានឯកភាពបំពេញបន្ថែមលើការចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក ដើម្បីឲ្យក្រុមការងារចុះពិនិត្យសិក្សារៀបចំស្ថានីយនេះឡើង ក្នុងនោះត្រូវចំណាយថវិកាមិនតិចជាង៦ម៉ឺនដុល្លារនោះឡើយ។
ទាំងប្រជាពលរដ្ឋ ទាំងលោកមេឃុំព្រែកនរិន្ទបានសម្ដែងនូវការរីករាយចំពោះលទ្ធផលដែលពួកគាត់ទទួលបាននូវសមិទ្ធផលថ្មី គឺស្ថានីយបូមទឹកដែលនឹងត្រូវកសាងក្នុងពេលខាងមុខនេះ ហើយនឹងធ្វើឲ្យពួកគាត់មានទឹកសម្រាប់បង្កបង្កើនផលស្រូវដំណាំ បានល្អប្រសើរកន្លងមក៕
លោករដ្ឋមន្រ្ដីលឹម គានហោចុះពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវវស្សាជូនប្រជាពលរដ្ឋនៅឃុំព្រែកនរិន្ទ
...