ភ្នំពេញ, នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោងទី ១៩៖ ស្តីពីការអនុវត្តគម្រោង “ការពង្រឹងសមត្ថភាព សហគមន៍ចិញ្ចឹមត្រី ក្នុងអាងទឹកធម្មជាតិ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង”។
លោករដ្ឋមន្ត្រីបញ្ជាក់ថា, រដ្ឋបាលជលផលបានទទួលការគាំទ្រហិរញ្ញប្បទានពីកម្មវិធី “ការគាំទ្រសន្តិសុខស្បៀង សម្រាប់ប្រជាជនក្រីក្រ” របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ JICA (MAFF/JICA)។ រដ្ឋបាលជលផលបានទទួលជំនួយសម្រាប់ការអនុវត្តគម្រោង “ការពង្រឹងសមត្ថភាពសហគមន៍ចិញ្ចឺមត្រី ក្នុងអាងទឹកធម្មជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង” ដែលមានថវិកាសរុបចំនួន ៣៨ម៉ឺន ដុល្លាអាមេរិក សម្រាប់រយៈពេល២ឆ្នាំ (កក្កដា ២០២០ – មិថុនា ២០២២) ក្នុងខេត្តគោលដៅចំនួន៥គឺ៖ ខេត្តកំពង់ចាម កំពង់ធំ ព្រះវិហារ សៀមរាប និងខេត្តបន្ទាយមានជ័យ។ គោលបំណងសំខាន់របស់គម្រោងគឺផ្តល់ការគាំទ្របច្ចេកទេសក្នុងការកសាងសម្ថតភាពគណៈកម្មការសហគមន៍និងសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ចិញ្ចឹមត្រី និងកន្លែងអភិរក្សក្នុងអាងទឹកធម្មជាតិ និងការចិញ្ចឹមត្រីក្នុងស្រះជាប់នឹងស្រែ សម្រាប់ការបង្កើនផលស្តុកត្រីក្នុងអាងទឹកធម្មជាតិ បង្កើនសុវត្តិភាពស្បៀង និងផ្តល់អាហារ រូបឋមដល់កសិករក្រីក្រ ព្រមទាំងកាត់បន្ថយភាពងាយរងគ្រោះ នៃការប្រែប្រួលអាកាសធាតុ។
ក្រោយពីអនុវត្តគម្រោងអស់រយៈពេលមួយឆ្នាំកន្លងមក សម្រេចបាននូវលទ្ធផលដូចខាងក្រោមនេះ ៖
១-ជួយរៀបចំពង្រឹងប្រព័ន្ធគ្រប់គ្រងនិងបង្កើតកន្លែងអភិរក្ស ក្នុងសហគមន៍ចំនួន២៥កន្លែង នៃខេត្តគោលដៅទាំង៥។
២-បើកវគ្គបណ្តុះបណ្តាល ស្ដីពីការគ្រេប់គ្រងសហគមន៍ចិញ្ចឺមត្រី និងអភិរក្សក្នុងអាងទឹកធម្មជាតិ និងបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះជាប់នឹងស្រែ ដែលតំណាងសហគមន៍ចំនួន ១៨០នាក់។
៣-បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រេប់គ្រងសហគមន៍ចិញ្ចឺមត្រី និងអភិរក្សក្នុងអាងទឹកធម្មជាតិ ដែលមានសមាជិក សហគមន៍ចំនួន ១១៥នាក់ និងបង្រៀនការរៀបចំផែនការអភិវឌ្ឍន៍សហគមន៍រយៈពេល២ឆ្នាំ។
៤-លែងកូនត្រីពូជចំនួន ៣,៩០៧,៥០០ ក្បាល (ត្រីប្រា និងឆ្ពិន) ទៅក្នុងអាងទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកត្រីក្នុងអាងទឹកធម្មជាតិចំនួន ២៥កន្លែង នៃខេត្តគោលដៅទាំង៥។
៦-បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឺមត្រីក្នុងស្រះ និងក្នុងស្រែដល់កសិករចំនួន ៣៥៩គ្រួសារ បាននិងកំពុងបន្តជួយពួកគាត់ឱ្យអនុវត្តការចិញ្ចឹមត្រីក្នុងស្រះ និងប្រឡាយដែលនឹងជាប់ស្រែតាមបទដ្ឋានបច្ចេកទេស។
៧-ជួយជីកស្រះនិងជីកប្រព័ន្ធប្រឡាយភ្ជាប់ស្រះទៅនឹងស្រែដល់កសិករចំនួន ៣៥០គ្រួសារ និងផ្តល់កូនត្រីពូជ (ប្រា និងឆ្ពិន) ចំនួន ១៧២០.០០០ក្បាល (មួយគ្រួសារទទួលបានកូនត្រីពូជ ១0០០-៤០០០ក្បាល)។
៨-ផ្តល់តង់ចិញ្ចឹមត្រីដល់កសិករចំនួន ២៨៥តង់ (មួយគ្រួសារទទួលបានកូនត្រីអណ្ដែងចំនួន ៧០០-៣០០០ ក្បាល)។
៩-បង្រៀនកសិករអំពីបច្ចេកទេសផ្សំ និងផលិតចំណីដោយខ្លួនឯង ចំនួន ៣៥៩គ្រួសារ ដើម្បីកាត់បន្ថយការចំណាយលើការទិញចំណីត្រីពីផ្សារ។
១០-បោះពុម្ពឯកសារផ្សព្វផ្សាយ និងដាក់ស្លាកសញ្ញា នៅមុខផ្ទះកសិករ ដែលបានចិញ្ចឹមត្រីក្នុងស្រះនិងស្រែចំនួន ៣៥០ គ្រួសារ។ បច្ចុប្បន្នកសិករដែលទទួលផលពីការចិញ្ចឹមត្រីក្នុងស្រែនិងស្រះ បាននិងកំពុងជួយផ្សព្វផ្សាយបច្ចេកទេសបន្តដល់ អ្នកជិតខាង។
កន្លងមកកសិករនៅតំបន់គោលដៅនេះមិនមានបទពិសោធន៍ ក្នុងការចិញ្ចឹមត្រីឡើយ ប៉ុន្តែក្រោយពីបានទទួលការជួយឧបត្តម្ភពីគម្រោងមក កសិកររីករាយក្នុងការចូលរួមអនុវត្តគម្រោងចិញ្ចឹមត្រីនេះ។ ជាលទ្ធផលពួកគាត់ទទួលបានត្រីច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ចំពោះសហគមន៍ចិញ្ចឹមត្រីក្នុងអាងទឹកធម្មជាតិវិញ ក៏បានចូលរួមវគ្គបណ្តុះបណ្តាលរៀបចំផែនការគ្រប់គ្រង និងបង្កើតកន្លែងអភិរក្សត្រីមេពូជ ក្នុងអាងទឹកសហគមន៍ពួកគាត់ផងដែរ។ ជាលទ្ធផលពួកគាត់រីករាយក្នុងការចូលរួមអនុវត្តគម្រោង និងទទួលស្គាល់ថាបរិមាណត្រីកើនឡើងច្រើនជាងមុនពេលនៃការអនុវត្តគម្រោងនេះ។
តាមការសន្និដ្ឋាន កសិករចិញ្ចឹមត្រីខ្នាតតូចដែលប្រើទុនតិច រយៈពេលពី៦-៨ខែ ទទួលបានប្រាក់ចំណូលប្រមាណ១៥០-២៨០ដុល្លារ។ ចំណែកកសិករចិញ្ចឹមត្រីខ្នាតតូចដែលប្រើទុនច្រើន រយៈពេលពី ៨-១០ខែ ទទួលបានប្រាក់ចំណូលពី៤០០-១២០០ដុល្លា។ តាមផែនការសកម្មភាពកសិករចញ្ចឹមត្រីក្នុងឆ្នាំ២០២០ សរុបចំនួន ៦៣៥គ្រួសារ ដោយគម្រោងបានចងក្រងជា១៥បណ្ដុំកសិករចិញ្ចឹមត្រី ស្មើរនឹង៣៥ក្រុម ក្នុងខេត្តគោលដៅទាំង៥ រួមមាន កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ និងបន្ទាយមានជ័យ។
នាដើមឆ្នាំ២០២១ សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនិងវាយតម្លៃ (PMEU) ក៏ដូចជាគណៈប្រតិភូរួមមានតំណាងស្ថានទូតជប៉ុន តំណាងអង្គការJICA និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃគម្រោងនេះ បានទៅធ្វើទស្សនកិច្ចនិងវាយតម្លៃអំពីសមិទ្ធផល នៃការអនុវត្តគម្រោងជាក់ស្តែង ដោយបានសាកសួរព័ត៌មាន និងសម្ភាសន៍ជាមួយកសិករ បានបង្ហាញឱ្យឃើញថា កសិករសប្បាយរីករាយ ដោយទទួលបានផលត្រីច្រើនពីគម្រោងនេះ បើធៀបទៅនឹងឆ្នាំមុនៗ។ យោងតាមលទ្ធផលខាងលើ គណៈប្រតិភូបានស្នើឲ្យគម្រោងអនុវត្តសកម្មភាពបន្តទៀត៕