ភ្នំពេញ, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើក ទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តាម ប្រព័ន្ធវីដេអូ។ សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន រុស្ស៊ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៊ី នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។
កិច្ចប្រជុំពិសេសនេះ នឹងពិនិត្យឡើងវិញនូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែល សម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក លើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការក្នុងវិស័យ នយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជាបន្តតាមដានការងារក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ស្តីពីជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំមុន។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀតនៅក្នុងភាពជាដៃគូ យុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងខណៈដែលពិភពលោកកំពុង មានបញ្ហាប្រឈម។
គួរកត់សម្គាល់ផងដែរថា ប្រទេសកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីខែសីហា ឆ្នាំ២០២១ នេះ៕