ខេត្តស្វាយរៀង៖ ម្ចាស់សំណង់រុះរើសំណង់ចេញពីក្នុងព្រែកប្រសូត្រ ស្រុកស្វាយទាប ឱ្យអស់ក្រោយអាជ្ញាធរខេត្តដាក់កំហិតត្រឹម៧ថ្ងៃ។
ជាក់ស្ដែងនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១ក្រុមការងារទីចាត់ការអន្តរវិស័យ នៃសាលាខេត្តស្វាយរៀងមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត លោកអភិបាលរងស្រុកស្វាយទាប លោកប្រធានការិយាល័យភូមិបាលស្រុក លោកមេឃុំសំបួរ លោកមេភូមិ មន្ត្រីនគបាលប៉ុស្តិ៍រដ្ឋបាលឃុំ មន្ត្រីនគបាលស្រុកស្វាយទាប និងអ្នកពាក់ព័ន្ធចុះពិនិត្យស្រាវជ្រាវករណីមហាជន បានរិះគន់ចំៗ ដល់អាជ្ញាធរឃុំសំបួរ និងស្រុកស្វាយទាប បណ្តោយឱ្យគេចាក់ដីលុបព្រែកធម្មជាតិ ហើយថែមទាំងសង់សំណង់រឹងមាំធ្វើជាអាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រ។
ជាលទ្ធផលក្រោយពីចុះពិនិត្យមើលជាក់ស្ដែងមន្ត្រីជំនាញ បានឱ្យដឹងថា ការពិនិត្យរកឯកសាររួមមាន៖
*ទី១៖ គឺការសាងសង់សំណង់អត់ច្បាប់ នៅក្នុងព្រែកសាធារណរបស់រដ្ឋ អាជ្ញាធរសម្រេចដាក់ឱសានវាទរយៈពេល ៧ថ្ងៃឱ្យម្ចាស់សំណង់រុះរើសំណង់ចេញឱ្យអស់គិតចាប់ពីថ្ងៃប្រកាសនេះតទៅ។
និងទី២៖ ដីមិនទាន់បានចុះបញ្ជី ចំពោះសំណង់នៅលើដី គឺឱ្យផ្អាកការសាងសង់បន្តដោយដីនេះ មិនទាន់បានចុះបញ្ជី ជាលក្ខណៈប្រព័ន្ធ និងមិនទាន់បានកំណត់ព្រំដី កំណត់ចំណីព្រែកប្រសូត្រទំហំ និងការប៉ះពាល់ ដូច្នេះ ម្ចាស់ដីត្រូវរៀបចំឯកសារ សុំចុះបញ្ជីដីធ្លីឱ្យបានស្របច្បាប់ រួចដាក់សំណើសុំធ្វើការអភិវឌ្ឍ ឬអាហារដ្ឋានរមណីដ្ឋានត្រូវដាក់សំណើសុំជាថ្មី តាមឋានានុក្រម អាជ្ញាធរ មន្ទីរ ជំនាញពាក់ព័ន្ធ ដោយមានភ្ជាប់ជាមួយប្លង់មេ «Master Plan» នៃគម្រោងដើម្បីមន្ត្រីជំនាញចុះពិនិត្យបញ្ជូនតាមនីតិវិវី។
ទាក់ទិនករណីនេះដែរ លោក ហេង ចំណូល (ហៅ ប្រុស) ដែលជាម្ចាស់សំណង់ បានយល់ព្រមនិងធ្វើកិច្ចសន្យា រុះរើសំណង់ដែលសង់ក្នុងព្រែកចេញ និងផ្អាកការសាងសង់បណ្តោះអាសន្ន។
មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួន នៅខេត្តស្វាយរៀង បានរិះគន់អាជ្ញាធរឃុំសំបួរ និងស្រុកស្វាយទាប ដែលបានបណ្តែតបណ្តោយឱ្យមានការចាក់ដីរំលោភយកដីព្រែកធម្មជាតិ ហើយថែមទាំងសង់សំណង់រឹងមាំធ្វើជាអាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រទៀតផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលស្រុកស្វាយទាប លោក ម៉ែន សារ៉ាន់ ឆ្លើយថារឿងហ្នឹងចង់ហួសដែនសមត្ថកិច្ចរបស់ស្រុកហើយ។
ការលើកឡើងនេះ បានធ្វើឱ្យអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ១ មកដល់ត្រង់ចំណុចស្ពានប្រសូត្រក្រឡេកមើលហើយហួសចិត្តគ្រប់គ្នា៕ ដោយ សុថាន