ខេត្តឧត្តរមានជ័យ ៖ កញ្ឆាគឺជារុក្ខជាតិមួយបែបមានសារធាតុញៀនហើយច្បាប់បានហាមឃាត់ដាច់ខាតមិនឲ្យដាំដុះវាជាដាច់ខាត។ទោះជាច្បាប់បានហាមឃាត់មិនឲ្យដាំដុះឬធ្វើអាជីវកម្មយ៉ាងណាក៏ដោយ ក៏នៅតែមានបុគ្គលមួយចំនួនលួចដាំដុះក្នុងបំណងធ្វើអាជីវកម្មនៅឡើយដែលករណីនេះសមត្ថកិច្ចបានយកចិត្តទុកដាក់បង្រ្កាបជាប្រចាំ។
ជាក់ស្តែងនៅរសៀលថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យបានបង្ក្រាបទីតាំងចម្ការស្វាយ ១កន្លែង នៅចំណុចពាង២ ស្ថិតក្នុងភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ដែលជនខឹលខូចបានធ្វើសកម្មភាពលួចបង្កប់ដាំដំណាំកញ្ឆាខុសច្បាប់ មានទំហំ ៥,៥០០ ម៉ែត្រការ៉េ។
ប្រភពពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ក្នុងនោះមានស្រី ០២នាក់ ព្រមទាំងធ្វើការដកហូតបាននូវ កញ្ឆាក្រៀមចំនួន ៣៦ គីឡូក្រាម, ដកបំផ្លាញចោលកញ្ឆាស្រស់ចំនួន១២៥០០ដើម, រថយន្ត ១ គ្រឿង, គោយន្តកន្ត្រៃ ១ គ្រឿង និងសម្ភារមួយចំនួនទៀត ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យចាត់ការបន្តតាមនីតិវីធី ៕