មន្ត្រីឥណ្ឌាបានប្រកាសឲ្យដឹងថា មានមនុស្សរាប់ពាន់នាក់ត្រូវគេបោកប្រាស់ឲ្យចាក់វ៉ាក់សាំងក្លែងក្លាយនៅតាមទីចាក់វ៉ាក់សាំងខុសច្បាប់ ដែលបង្កើតឡើងដោយជនខិលខូច។
សារព័ត៌មាន CNNបានផ្សាយថា មន្ត្រីនៅទីក្រុង មុមបៃ បានបើកការស្រាវជ្រាវពីការបើកទីតាំងចាក់វ៉ាក់សាំងខុសច្បាប់ បោកប្រាស់ប្រជាជន។ សកម្មភាពស្រាវជ្រាវត្រូវបានធ្វើឡើងក្រោយពេលពលរដ្ឋមានការសង្ស័យសួរនាំពីលិខិតចាក់វ៉ាក់សាំងដែលពួកគេទទួលបានក្រោយការចាក់។
លោក Vishal Thakur មន្ត្រីប៉ូលិសក្នុងទីក្រុងមុមបៃបានឱ្យដឹងថា ទីតាំងចាក់វ៉ាក់សាំងក្លែងក្លាយ ត្រូវបានបង្កើតឡើងនៅទីក្រុងនេះ ចំនួន១២កន្លែង ដោយពួកគេប្រើប្រាស់ទឹកអំបិលចាក់ជូនពលរដ្ឋដែលបានចុះឈ្មោះ។
ព័ត៌មានខាងលើកើតឡើងក្រោយពេលឥណ្ឌាប្រឈមនឹងរលកកូវីដ-១៩ លើកទីពីរ បណ្តាលឲ្យពលរដ្ឋរាប់សិបលាននាក់ឆ្លងកូវីដ-១៩ និងពលរដ្ឋរាប់ពាន់នាក់ស្លាប់ ក្នុងរយៈពេល៣ខែកន្លងមក ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ហើយពលរដ្ឋឥណ្ឌាទទួលបានការចាក់វ៉ាក់សាំងក្លែងក្លាយ។
មកទល់ពេលនេះឥណ្ឌាមានករណីឆ្លងកូវីដ-១៩ សរុប ជាង៣០,៦លាននាក់ ឈរលំដាប់ទីពីរបន្ទាប់ពីអាមេរិក និងស្លាប់ជាង ៤សែននាក់៕ ដោយ៖សាធី
រដ្ឋាភិបាលឥណ្ឌាកំពុងព្យាយាមបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីការពាររលកថ្មីCOVID-19 ។ (រូបភាព៖ Getty )