ឥណ្ឌាបានឆ្លងផុតដំណាក់កាលអាក្រក់បំផុតនៃការឆ្លងរាលដាលកូវីដ១៩ លើកទីទីរ ប៉ុន្តែវីរុសបម្លែងខ្លួនថ្មី Delta បានធ្វើឲ្យប្រទេសមួយចំនួននៅក្នុងតំបន់ ប្រឈមនឹងការឆ្លងខ្ពស់។
សារព័ត៌មាន BBC បានផ្សាយថា តាមអង្គការសុខភាពពិភពលោកWHO បានប្រកាសថា វិរុសបម្លែងខ្លួនថ្មី បានឆ្លងរាលដាលយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក ។ វីរុសបម្លែងថ្មី បានឆ្លងរាលដាលដល់៩៨ប្រទេសហើយនៅជុំវិញពិភពលោក ពិសេសគឺនៅតំបន់ដែលមានពលរដ្ឋ មិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។
ប្រទេសមួយចំនួននៅជិតខាងប្រទេសឥណ្ឌា ដូចជានេប៉ាល ប៉ាគីស្ថាន ស្រីលង្កាមានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់តាំងពីខែឧសភា បើទោះបីមានករីឆ្លងថយចុះក្តី។ ក្រៅពីនេះនៅមានប្រទេស ដែលឆ្លងវីរុសបម្លែងខ្លួនថ្មី Delta មានប្រទេសឥណ្ឌូនេស៊ី បង់ក្លាដេស ថៃ និងអ៊ីរ៉ង់។
ប្រទេសឥណ្ឌូនេស៊ី ៖ ប្រទេសនេះបានអនុម័តបិទខ្ទប់តំបន់មួយចំនួនរហូតដល់ថ្ងៃទី ២០ខែកក្កដា ក្រោយពេល មានករណីឆ្លងកូវីដ ១៩ និងស្លាប់កើនឡើងខ្ពស់ ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់ថា ការឆ្លងកើនឡើងខ្ពស់គឺដោយសារតែវីរុសបម្លែងខ្លួនថ្មី Delta ។ ក្រសួងសុខាភិបាលប្រទេសនេះបានបញ្ជាក់ថា ៦០%នៃការឆ្លងកូវីដ ១៩រយៈពេល ៣ខែកន្លងមកគឺប្រភេទDelta ។
ប្រទេសបង់ក្លាដែស៖ ចាប់តាំងពីពាក់កណ្តាលខែឧសភា បង់ក្លាដែស ប្រឈមនឹងការឆ្លងរាលដាលកូវីដ ១៩ កើនឡើងខ្ពស់ ។ គិតចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៧ខែកក្កដា ចំនួនអ្នកឆ្លង ៦៨%នៅទីក្រុង Dhaka ជាប្រភេទបម្លែងថ្មីDelta ។ មកទល់៦ខែកក្កដា បង់ក្លាដេសមានករណីឆ្លងកូវីដ ១៩ សរុបជាង ៩៥៤ពាន់នាក់ និងស្លាប់ ជាង១៤ពាន់នាក់។
ប្រទេសថៃ៖ ករណីឆ្លងកូវីដ ១៩ នៅក្នុងទីក្រុង បាងកកប្រទេសថៃ រយៈពេលកន្លងមក គឺមាន ២៦%ជាប្រភេទបម្លែងថ្មី ។ ថៃមានករណីឆ្លងកូវិដ១៩ សរុប ជាង ២៩៤ពាន់នាក់ និងស្លាប់ ជាង២,៣ពាន់នាក់។
ប្រទេសអ៊ីរ៉ង់ ៖ មានករណីឆ្លងកូវីដ ១៩ បម្លែងខ្លួនថ្មីជាច្រើន ក្នុងប្រទេសនេះ ដែលជាការឆ្លងលើកទី៥ហើយ ។ រដ្ឋាភិបាលអ៊ីរ៉ង់ បានចាត់វិធានការតឹងតែងដើម្បីទប់ស្កាត់ការឆ្លងកូវីដបម្លែងថ្មី ពីបណ្តាប្រទេសនៅអាស៊ី ខាងត្បូងនិង អាស៊ាន។ មកទល់ពេលនេះអ៊ីរ៉ង់ មានករណីឆ្លងកូវិដ ១៩ សុរុប ជាង ៣,២លាននាក់ ៕ដោយ៖ធីរីណា
បុគ្គលិកពេទ្យមើលថែអ្នកជម្ងឺ COVID-១៩ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកកប្រទេសថៃថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២១ ។ រូបថត៖ AFP / VNA