អុីតាលីឡើងវគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះអេស្ប៉ាញដោយបាល់ប៉េណាល់ទី

ចែករំលែក៖

ក្រុមជម្រើសជាតិអុីតាលីមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញដោយបាល់កាត់សេចក្តីប៉េណាល់ទី៤ទល់២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ កក្កដានេះ។ ជ័យជម្នះនេះធ្វើឲ្យអុីតាលីក្លាយជាក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍យូរ៉ូនេះជាលើកទី៤ ។

យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការប្រកួតរវាងក្រុមអុីតាលីនឹងក្រុមអេស្ប៉ាញក្នុងវគ្គ៤ក្រុមចុងក្រោយនេះគឺមានភាពជក់ចិត្ត និងស្វិតស្វាញជាខ្លាំង ព្រោះសុទ្ធតែក្រុមខ្លាំងដូចគ្នា ប៉ុន្តែការប្រកួតនេះអេស្ប៉ាញហាក់ដូចជាសម្រុក និងគ្រប់គ្រងបាល់ច្រើនជាងរហូតដល់៧០ភាគរយ ខណៈដែលអុីតាលីមានតែ៣០ភាគរយប៉ុណ្ណោះ។ ទោះបីអេស្ប៉ាញគ្រប់គ្រងបាល់បានច្រើនមែន នៅនាទីទី៦០ កីឡាករ Chiesa បានរកគ្រាប់បាល់នាំមុខ១គ្រាប់ តែត្រូវអេស្ប៉ាញរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៨០ ដោយខ្សែប្រយុទ្ធ Morata ។

លទ្ធផល១ទល់១នេះ ធ្វើឲ្យអាជ្ញាកណ្តាលសម្រេចប្រកួតបន្ថែមម៉ោង១៥នាទី២ដង ប៉ុន្តែនៅតែលទ្ធផលមិនប្រែប្រួល ក៏សម្រេចកាត់សេចក្តីដោយបាល់ប៉េណាល់ទីម្នាក់៥គ្រាប់។ ក្រុមអុីតាលីជាអ្នករ៉ាប់រងបាល់ប៉េណាល់ទីមុនដោយកីឡាករ Locatelli តែស៊ុតមិនចូល ហើយកីឡាករអេស្ប៉ាញ Daniel Olmo ក៏ស៊ុតមិនចូលដូចគ្នា។ ទីបំផុតអុីតាលីស៊ុតប៉េណាល់ទីចូល៤គ្រាប់ក្នុងចំណោម៥គ្រាប់ ខណៈដែលអេស្ប៉ាញស៊ុតប៉េណាល់ទី៥គ្រាប់ចូលតែ២គ្រាប់ ធ្វើឲ្យលទ្ធផលប៉េណាល់ទី៤ទល់២។

ជ័យជម្នះនេះធ្វើឲ្យអុីតាលីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី៤ក្នុងព្រឹត្តិការណ៍យូរ៉ូ ដោយរង់ចាំការប្រកួតរវាងអង់គ្លេសនឹងដាណឺម៉ាក ដែលត្រូវប្រកួតនៅរាត្រីថ្ងៃពុធនេះ ៕

     

...

ដោយ ៖ ភារៈ(រូបថត ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print