នៅយប់ថ្ងៃទី៧ខែកក្កដា មានករណីផ្ទុះយ៉ាងខ្លាំងនៅកំពង់ផែសមុទ្រ Jebel Ali ធ្វើឲ្យកក្រើកទីក្រុងឌូបៃប្រទេសអារ៉ាប់រួម។
ក្រោយការផ្ទុះមានអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំងនៅលើនាវាមួយគ្រឿងដែលចតនៅកំពង់ផែJebel Ali ជិតទីក្រុងឌូបៃ ។ តាមប្រភពព័ត៌មានជាបឋមបានឱ្យដឹងថា មានកុងតឺន័រមួយគ្រឿងក្នុងចំណោមកុងតឺន័រនៅកំពង់ផែបានផ្ទុះបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើង។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា វាជាភព្វសំណាងដែរដែលមិនមានករណីស្លាប់ណាមួយ ឬរងរបួសនោះឡើយ។ ចំណែកការឆាបឆេះក៏គ្រប់គ្រងបានយ៉ាងឆាប់រហ័សផងដែរ។
បណ្តាញព័ត៌មាន Al Arabiya បានផ្សាយថា មានសារធាតុងាយឆាបឆេះនៅក្នុងកុងតឺន័រ ។ ក្រុមនាវិកនៅលើនាវាដែលផ្ទុះឆេះនោះបានជម្លៀសទាន់ពេលវេលា ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យផ្ទុះឆេះនោះនៅឡើយទេ។
គួររំលឹកឱ្យដឹងដែរថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក៏មានករណីផ្ទះសារធាតុគីមីនៅកំពង់ផែទីក្រុង Beirut ប្រទេសលីបង់ដែរ ដែលបានបំផ្លាញកំពង់ផែស្ទើរតែទាំងមូល ហើយសម្លាប់មនុស្សដល់ទៅ ១៩០នាក់ និងរបួសជាង ៦៥០០នាក់៕ដោយ៖ធីរីណា
អគ្គិភ័យបានឆាបឆេះយ៉ាងខ្លាំងបន្ទាប់ពីការផ្ទុះដ៏ធំមួយ (រូបភាព៖ Twitter)៕