ការរង់ចាំរយៈពេល៥៥ឆ្នាំរបស់ក្រុមជម្រើសអង់គ្លេសដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រដ៏សំខាន់ក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០ បន្ទាប់ពីទទួលបានជ័យជំនះលើក្រុមដាណឺម៉ាក កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ កក្កដាដោយឈ្នះទាំងភាពតានតឹងក្នុងម៉ោងបន្ថែមនៅទឹកដី Wembley ។
តាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៨ កក្កដានេះបានឲ្យដឹងថា ក្រុមរបស់លោក Gareth Southgate បានធ្វើដំណើរបោះជំហានទៅមុខមួយជំហានទៀតច្រើនជាងអ្វីដែលក្រុមអង់គ្លេសបានធ្វើចាប់តាំងពីការទទួលជ័យជម្នះចុងក្រោយនៃការប្រកួត World Cup ឆ្នាំ១៩៦៦ ប្រឆាំងនឹងប្រទេសអាល្លឺម៉ង់ខាងលិច ហើយទីបំផុតពួកគេបានសំរេចគោលដៅដ៏វែងឆ្ងាយ ខណៈដែលអង់គ្លេសបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រយូរ៉ូនេះជាលើកទី២ ត្រូវជួបនឹងអ៊ីតាលីវគ្គផ្តាច់ព្រ័ត្រ។
នៅចំពោះមុខអ្នកគាំទ្រចំនួន៦៦.០០០នាក់ក្នុងកីឡដ្ឋាន និងនៅក្នុងបរិយាកាសរំភើបរីករាយក្នុងកីឡដ្ឋាន Wembley ដែលមិនធ្លាប់មានពីមុនមក អង់គ្លេសបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ពេលប៉ះជាមួយក្រុមដាណឺម៉ាកនេះ ដោយបានគ្រប់គ្រងបាល់រហូតដល់៥៨ភាគរយ។ ក្រុមដាណឺម៉ាកមានឱកាសរកគ្រាប់បាល់នាំមុខមុនដោយការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ Mikkel Damsgaard នៅនាទីទី៣០នាទី។ ប៉ុន្តែក្រុមអង់គ្លេសបានរកគ្រាប់បាល់តាមស្មើវិញនៅពេលដែលប្រធានក្រុមដាណឺម៉ាកកីឡាករ Simon Kjaer បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯង ធ្វើឲ្យចប់តង់ទី១ លទ្ធផល១ទល់១។
ចូលដល់តង់ទី២ ក្រុមទាំង២នៅតែព្យាយាមរកគ្រាប់បាល់ដូចគ្នា ប៉ុន្តែអ្វីៗមិនដូចការគិតនោះទេ ព្រោះទាំងអង់គ្លេស និងដាណឺម៉ាកនៅតែមិនអាចបំប៉ោងសំណាញ់ទីគូប្រកួតបាន រហូតដល់ចប់ការប្រកួត៩០នាទីលទ្ធផល១ទល់១ដដែល។ លទ្ធផលនេះអាជ្ញាកណ្តាលឲ្យសម្រេចបន្ថែមម៉ោង១៥នាទីពីរដងដើម្បីកាត់សេចក្តីរកអ្នកឈ្នះទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយអ្នកចាំទី Schmeichel របស់ដាណឺម៉ាកធ្វើបានល្អពីការសម្រុកយ៉ាងខ្លាំងពីក្រុមអង់គ្លេស ពិសេសពីការស៊ុតពីកីឡាករ Harry Maguire និង Harry Kane នៅពេលការប្រកួតឈានដល់ម៉ោងបន្ថែមនេះ។
ស្របពេលដែលអ្នកគាំទ្រអង់គ្លេសស្រែកហ៊ោយ៉ាងរំពងពេញកីឡដ្ឋាន Wembley នៅនាទីទី១០៤ ក្នុងម៉ោងបន្ថែម ប្រធានក្រុមអង់គ្លេស Harry Kane បានស៊ុតបាល់បញ្ចូលទីក្រុមដាណឺម៉ាកយ៉ាងល្អ មានឱកាសនាំមុខដាណឺម៉ាក១គ្រាប់វិញ ធ្វើឲ្យចប់ការប្រកួតក្នុងម៉ោងបន្ថែមអង់គ្លេសយកឈ្នះក្រុមដាណឺម៉ាកក្នុងលទ្ធផល២ទល់១។
ក្រោយពីស៊ុតចូល១គ្រាប់យប់មិញ កីឡាករ Harry Kane បានស្មើកំណត់ត្រារបស់លោក Gary Lineker ដែលរកបាន១០គ្រាប់ឲ្យអង់គ្លេសក្នុងការប្រកួតអន្តរជាតិធំៗ ។
ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវប៉ះក្រុមខ្លាំងអ៊ីតាលីក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១១ កក្កដា វេលាម៉ោង២រំលងអធ្រាត្រ ក្នុងកីឡដ្ឋាន Wembley ទឹកដីអង់គ្លេស ដែលជាការប្រកួតដ៏សំខាន់នៃព្រឹត្តិការណ៍យូរ៉ូ២០២០របស់ក្រុមទាំង២ ដែលខកខានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រយ៉ាងយូរដូចគ្នា ៕ (រូបថត៖ BBC Sport) ដោយ៖ភារៈ