ភ្នំពេញ, លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្តី ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។
នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨និង២០នាទីព្រឹក ទីស្តីការគណៈរដ្ឋមន្ត្រីបានសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធ អនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖
១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពី ការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។
៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តយល់ព្រមពី ស្ថាប័ននីតិប្បញ្ញត្តិលើ «សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើ វិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្ដីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់»។
ក្រោយពីបានស្តាប់របាយការណ៍និងមតិពិភាក្សាផ្លាស់ប្ដូរយោបល់រួចមក សម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត៖
១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតាក់តែងឡើងថ្មីនេះ គឺដើម្បីជំនួសច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាចាស់ ដែលបានចូលជាធរមានតាំងពី ឆ្នាំ១៩៩៤និងឆ្នាំ២០០៣ ក្នុងគោលបំណងធ្វើឱ្យមានភាពទាក់ទាញនិងប្រសើរជាងមុននៃការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋានឯករាជ្យម្ចាស់ការ ស្ថានភាពជាក់ស្តែងរបស់ វិនិយោគិននិងសេដ្ឋកិច្ច ដែលនឹងបង្កើតក្របខ័ណ្ឌគតិយុត្តដែលមានភាពបើកចំហ មានកម្លាភាព អាចប៉ាន់ប្រមាណទុកជាមុន ក៍ដូចជាពង្រឹងភាពទាក់ទាញនិងសមត្ថភាពបំពេញបន្ថែម ជាពិសេសបានគិតគូរអំពីការផ្តល់ការលើកទឹកចិត្តដល់វិស័យអាទិភាព កម្រិតបច្ចេកវិទ្យានិងបច្ចេកទេស ការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍនិងនវានុវត្តន៍ និង សហគ្រាសធុនតូចនិងមធ្យម។ លើសពីនេះ សេចក្តីព្រាងច្បាប់នេះក៏បានកែសម្រួលនិងធ្វើឱ្យ ប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធទៅនឹងយន្តការស្ថាប័ន និងនីតិវិធីនៃការស្នើសុំការចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ. )។
ជាមួយគ្នានេះដែរ ដើម្បីបង្កើនភាពប្រកួតប្រជែងនិងភាពទាក់ទាញរបស់កម្ពុជាពីសំណាក់ វិនិយោគិន សេចក្តីព្រាងច្បាប់នេះបានបំពេញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីពី៣១ថ្ងៃ ទៅ២០ថ្ងៃ ហើយការបំពេញពាក្យសុំចុះបញ្ជីអាចធ្វើទៅបានតាមរយៈការដាក់ឱ្យប្រើប្រាស់ថ្នាល បច្ចេកវិទ្យាព័ត៌មាន។ បន្ថែមលើនេះផងដែរ សេចក្តីព្រាងច្បាប់នេះក៏បានដាក់ចេញនូវការពង្រឹង យន្តការតាមដាននិងត្រួតពិនិត្យរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ តាមរយៈការចុះត្រួតពិនិត្យ ក្នុងពេលតែមួយនិងរួមគ្នា ព្រមទាំងកំណត់នូវរបបលើកទឹកចិត្តចំពោះគម្រោង គ.ល.គ. ទាំងផ្នែកពន្ធ នឹងមិនមែនពន្ធ ដើម្បីទាក់ទាញរំហូរវិនិយោគមកកាន់វិស័យដែលកម្ពុជាត្រូវការ បរិបទនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង។ ជាចាំបាច់ក្នុងដើម្បីផ្តល់ភាពកក់ក្ដៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះបានដាក់បញ្ចូលនូវកាតព្វកិច្ចជា អន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្ដេជ្ញារបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការការពារវិនិយោគ និងផ្ដល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្ម ដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មាន១២ជំពូក និង៤២មាត្រា។
២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារដែលតូ្រវ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ច្បាប់ស្តីពីការងារ គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារនិងភាព សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ស្របពេលដែលកម្ពុជាចាប់ផ្ដើមអភិវឌ្ឍវិស័យការងារដោយ ផ្សារភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរីកចម្រើនការវិនិយោតនៃវិស័យឯកជន ជាពិសេស ការវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើង។ ច្បាប់ស្តីពី ការងារត្រូវបានធ្វើវិសោធនកម្មចំនួន២លើករួចមកហើយ ដែលក្នុងនោះនៅឆ្នាំ២០០៧ វិសោធនកម្ម ពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលបន្ថែមម៉ោងនិងការងារពេលយប់ និង់នៅឆ្នាំ២០១៨ វិសោធនកម្មពាក់ព័ន្ធ នឹងប្រាក់បំណាច់អតីតភាពការងារ។
តាមរយៈការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ និងការអនុវត្តច្បាប់ស្តីពីការងារក្នុងរយៈពេល ២ទសវត្សចុងក្រោយនេះ ពិតជាបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ ចតុកោណនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តល់ជំនឿទុកចិត្តបស សាធារណជនជាតិនិងអន្តរជាតិមកលើព្រះរាជាណាចក្រកម្ពុជាក្នុងការគោរពសិទ្ធិការងារ និងបាន ។ ធ្វើឱ្យរំហូរនៃការវិនិយោគវិស័យឯកជនមានការកើនឡើងជាបន្តបន្ទាប់ ដែលការណ៍នេះបាននាំមកនៃ នូវការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចបច្ចុប្បន្នរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងបរិបទសកលភាវូបនីយកម្មនិងសមាហរណកម្មសេដ្ឋកិច្ច កម្ពុជាពិតជាមិនអាចចៀសផុតពី ឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសង្គមនិងសេដ្ឋកិច្ច ជាពិសេសការផ្លាស់ប្តូរបច្ចេកវិទ្យានៃប្រព័ន្ធផលិតកម្មក្នុងវិស័យឧស្សាហកម្មមួយចំនួនធំ។ ដើម្បី ឆ្លើយតបទៅនឹងបរិបទនេះ ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារជាលើកទី៣នេះ មានគោលបំណង ពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទនៃការវិវត្តវិស័យសង្គម-សេដ្ឋកិច្ចក្នុងតំបន់និង សកលលោក សំដៅសម្រេចឱ្យបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
តាមស្មារតីគិតគូរដល់ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត សម្តេចតេជោនាយករដ្ឋមន្តី បានសម្រេចដ៏ខ្ពង់ខ្ពស់រក្សាទុកអត្រាប្រាក់ឈ្នួលការងារពេលយប់ឱ្យនៅចំនួន១៣០%ដដែល។
សេចក្តីព្រាងច្បាប់នេះមានពីរមាត្រា ដោយមាត្រាមួយចែងអំពីការធ្វើវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ និងមាត្រាពីរចែងអំពីការអនុវត្តច្បាប់នេះជាការប្រញាប់។
៣-បញ្ហាផ្សេងៗ៖
៣.១. អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តបញ្ជូន «សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្ដីពីការត្រៀមបម្រុងអង្ករ សង្គ្រោះបន្ទាន់» ទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ។
៣.២. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖
-រាជរដ្ឋាភិបាលនឹងបន្តទិញវាក់សាំងកូវីដ-១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្ពុជាឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដួសទី៣និង ក្រោមអាយុ១៨ឆ្នាំ
– គ្រប់ក្រសួងស្ថាប័ន ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ឧបករណ៍តេស្តរហ័សដោយ សន្សំសំចៃ និងប្រើថវិកាសន្សំដើម្បីទិញឧបករណ៏តស្ករហ័សសម្រាប់ប្រើប្រាស់នៅក្នុងសាមី ក្រសួងស្ថាប័ន រដ្ឋបាលខេត្តនៅតាមព្រំដែន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័កចំពោះពលករនិង ប្រជាពលរដ្ឋដែលឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជាឱ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បំប្លែងថ្មី DELTA ដ៏កាចសាហាវកុំឱ្យចូលមកក្នុងសហគមន៍
– គ្រប់ក្រសួងស្ថាប័នត្រូវអនុវត្តការងារតាមប្រព័ន្ធអនឡាញ់ ដើម្បីធានារក្សាប្រក្រតីភាពការងារនិងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង១២និង០០នាទី៕
ដោយ, សុខ ខេមរា